នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ CES ២០២២ ក្រុមហ៊ុន Sierra Space បានតាំងបង្ហាញគំរូយានអវកាសឈ្មោះ Dream Chaser ដែលអាចដឹកមនុស្សបាន ៦ នាក់ ឡើងទៅកាន់ទីអវកាស។
ក្រុមហ៊ុន Sierra Space មានមូលដ្ឋាននៅ Colorado សហរដ្ឋអាម៉េរិក បានចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារអវកាសអាម៉េរិក (NASA) ស្ដីពីការហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) សម្រាប់ឆ្នាំនេះ។ ដើមឡើង Dream Chaser ត្រូវបានអភិវឌ្ឍឡើងដើម្បីដឹកទំនិញទៅកាន់ ISS ប៉ុន្តែ នៅក្នុងប្រកាសថ្មីមួយនៅ CES ២០២២ ក្រុមហ៊ុន Sierra Space បានបង្ហើបឱ្យដឹងថា កំពុងបន្ទាន់សម័យយានអវកាសនេះ ដើម្បីអាចដឹកមនុស្សទៅកាន់ទីអវកាស ដែលនេះគឺជាការចូលរួមប្រកួតប្រជែងក្នុងវិស័យទេសចរណ៍អវកាស។
ដោយមានបណ្ដោយប្រមាណ ៩ ម៉ែត្រ យាន Dream Chaser អាចដឹកក្រុមហោះហើរមួយក្រុមដែលមានគ្នា ៦ នាក់ ពីផែនដី ទៅកាន់មូលដ្ឋានពាណិជ្ជកម្មនានានៅលើគន្លងគោចរកម្រិតទាបនៃផែនដី ដែល Sierra Space គ្រោងនឹងសាងសង់នៅក្នុងទសវត្សរ៍ខាងមុខ។
Sierra Space បានចុះកិច្ចព្រមព្រៀងជាមួយ Blue Origin ដើម្បីអភិវឌ្ឍស្ថានីយអវកាសឯកជនមួយដែលមានឈ្មោះថា Orbital Reef។ ក្រុមហ៊ុន Blue Origin មានបំណងប្រែក្លាយ Orbital Reef ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅទីអវកាស ដោយមានសេវាកម្មផលិត អាជីវកម្ម កម្សាន្ត កីឡា និងទេសចរណ៍ផ្សងព្រេង។
កាលពីខែមុន NASA បានប្រគល់ថវិកាជាង ៤១៥ លានដុល្លារ ទៅឱ្យក្រុមហ៊ុនម៉ៅការចំនួន ៣ គឺ Blue Origin, Northrop Grumman និង Nanoracks ដើម្បីអភិវឌ្ឍស្ថានីយអវកាសពាណិជ្ជកម្មមួយចំនួនដែលវិស័យឯកជនធ្វើជាម្ចាស់កម្មសិទ្ធិ និងជាអ្នកគ្រប់គ្រង ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចដែលដឹកនាំដោយ សហរដ្ឋអាម៉េរិក នៅលើគន្លងគោចរកម្រិតទាបរបស់ផែនដី នៅពេល ISS «ចូលនិវត្តន៍» នៅចុងទសវត្សរ៍នេះ។
ក្រុមវិស្វករសង្ឃឹមថា Dream Chaser នឹងបើកទំព័រសករាជថ្មីក្នុងវិស័យទេសចរណ៍អវកាស និងការស្រាវជ្រាវអវកាស។ ជើងហោះហើរដំបូងទៅកាន់ទីអវកាសរបស់ Dream Chaser អាចកើតឡើងនៅចុងឆ្នាំ ២០២២៕