Anne Lester អតីតប្រធានផ្នែកដំណោះស្រាយសម្រាប់ការចូលនិវត្តន៍របស់ក្រុមហ៊ុន JPMorgan Asset Management បានលើកឡើងនូវអនុសាសន៍ចំនួន ៦ ប្រការដែលទាក់ទងនឹងការត្រៀមសម្រាប់អនាគត។
ក្នុងចំណោមអនុសាសន៍ទាំងនេះ យើងឃើញថា អនុសាសន៍ទី ៦ ដែលនិយាយអំពី «ការសន្សំប្រាក់សម្រាប់កូនៗ មុនការសន្សំទ្រព្យសម្រាប់ខ្លួនឯង» គឺជាប្រការគួរឱ្យចាប់អារម្មណ៍។
អ្នកស្រី Anne Lester លើកឡើងថា នៅពេលអ្នកបានក្លាយជាឪពុក ឬម្ដាយគេ អ្នកប្រាកដជាមានបំណងលើកយកតម្រូវការរបស់កូនៗ ដាក់ទៅក្នុងបញ្ជីអាទិភាព ជាជាងតម្រូវការរបស់ខ្លួន។ ប៉ុន្តែ ការសន្សំប្រាក់សម្រាប់បង់ថ្លៃសាលាមហាវិទ្យាល័យឱ្យកូនៗ នៅមុនការសន្សំប្រាក់សម្រាប់ដំណាក់កាលចូលនិវត្តន៍របស់ខ្លួន គឺជាកំហុសឆ្គងមួយដ៏ធំ។
«មានវិធីសាស្ត្រជាច្រើនសម្រាប់ការបង់ថ្លៃសាលានាពេលអនាគតរបស់កូនៗ ដូចជា ការចូលរួមប្រកួតប្រជែងយកអាហារូបករណ៍ និងការជ្រើសរើសសាលាដែលមានថ្លៃសិក្សាទាប ឬកម្ចីឥណទានជាដើម» អ្នកស្រី Anne Lester និយាយដូច្នេះ និងបន្តថា៖ «កូនម្នាក់របស់ខ្ញុំបានចូលសាកលវិទ្យាល័យសាធារណៈ ហើយមួយចំនួនទៀតបានទទួលអាហារូបករណ៍រៀននៅសាលាមួយចំនួន»។
ការសិក្សានាពេលអនាគតរបស់កូនៗ គឺមានវិធីជាច្រើនដើម្បីរកប្រាក់មកបង់ថ្លៃសាលា ប៉ុន្តែ ការចំណាយនៅក្នុងដំណាក់កាលចូលនិវត្តន៍របស់អ្នក ទំនងជាមិនមានវិធីសាស្ត្រច្រើននោះទេ ក្រៅតែពីការសន្សំទ្រព្យពេលខ្លួននៅមានសមត្ថភាពរកប្រាក់។
ក្រៅពីការណែនាំខាងលើ អតីតមេដឹកនាំមួយរូបរបស់ JPMorgan ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៀត រួមមាន៖
១-គួរមានខ្ទង់សន្សំសម្រាប់បញ្ហាបន្ទាន់
២-គួរមានសេវាធានារ៉ាប់រងសុខភាព
៣-គួរទូទាត់បំណុលដែលមានការប្រាក់ខ្ពស់ឱ្យបានឆាប់
៤-គួរកុំទិញផ្ទះលើសពីតម្រូវការ
៥-គួរសកម្មក្នុងការសន្សំទ្រព្យសម្រាប់ដំណាក់កាលចូលនិវត្តន៍