Skip to content

អំណោយ​​ជា​លើក​ទី​ ៣ របស់ កម្ពុជា សម្រាប់​ផ្ដល់ជូន សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានរៀបចំ​រួចរាល់​ហើយ

នា​ព្រឹក​ថ្ងៃទី ៦ មករា​នេះ កម្ពុជា បានរៀបចំ​រួចរាល់​ហើយ​នូវ​សម្ភារ បរិក្ខា​វេជ្ជសាស្ត្រ ដែល​ត្រូវ​យកទៅ​ប្រគល់ជូន​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសា​សនា​ថា អំណោយ​ដែល កម្ពុជា នឹង​យកទៅ​ជូន​ដល់ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ព្រឹកស្អែក​នេះ រួមមាន ម៉ាស​ធម្មតា ៣ លាន​បន្ទះ, ម៉ាស N95 ចំនួន ២ សែន​បន្ទះ, វ៉ែនតា​ការពារ​ចំនួន ១ សែន, សម្លៀកបំពាក់​ការពារ​សុវត្ថិភាព (PPE) ចំនួន ៣ ម៉ឺន​ឈុត, របាំង​ការពារ​មុខ​ចំនួន ៣ ម៉ឺន, ស្បែកជើង​កវែង ៣ ពាន់​គូ, ម៉ាស៊ីន​ជំនួយ​ដង្ហើម ៥០ គ្រឿង,  ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ៥០ គ្រឿង និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ស្វ័យប្រវត្ត​ចំនួន ៥០ គ្រឿង។

យោងតាម​លោកស្រី យក់ សម្បត្តិ កម្ពុជា បានផ្ដល់​ជំនួយ​ជា​បរិក្ខា​វេជ្ជសាស្ត្រ​សម្រាប់​ទប់ស្កាត់​កូ​វីដ-១៩ ដល់​ប្រទេស​ចំនួន ៦ រួចហើយ។ សម្រាប់ មី​យ៉ាន​ម៉ា វិញ កម្ពុជា ផ្ដល់ជំនួយ​ចំនួន ៣ លើក​ផងដែរ រាប់ទាំង​លើក​នេះ។

ការប្រគល់​ជូន​នូវ​អំណោយ​ដល់ ប្រទេស​មី​យ៉ាន​ម៉ា នេះ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៨ មករា ក្នុងនាម​ជា​ប្រធាន​បន្តវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍៕

Leave a Reply

Your email address will not be published. Required fields are marked *