ឪឡឹករាប់ពាន់តោន ត្រូវឈ្មួញបោះចោលតាមបណ្ដោយផ្លូវក្នុងទឹកដីនៃប្រទេសមីយ៉ានម៉ា ក្បែរព្រំដែនចិន ដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩ ធ្វើឱ្យឡានដឹកទំនិញពី មីយ៉ានម៉ា មិនអាចចូលទៅក្នុងទឹកដីចិន។
ដងផ្លូវភ្ជាប់ពីទីក្រុង Ruili នៃខេត្ត Yunnan ដែលជាច្រកផ្លូវសំខាន់របស់ ចិន និង មីយ៉ានម៉ា បានកកស្ទះយ៉ាងណែន ដោយមានឡានដឹកទំនិញរាប់រយគ្រឿងកំពុងរង់ចាំនៅក្បែរស្ថានីយត្រួតពិនិត្យ នេះបើតាមសារព័ត៌មាន SCMP ចុះផ្សាយនាថ្ងៃទី ៦ មករា។
Lee Htay វ័យ ៦៥ ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនមួយ បានឱ្យដឹងថា៖ «មុនវិបត្តិអាសន្នរោគ ក្នុងមួយថ្ងៃ យើងនាំផ្លែឈើជាង ៥០០ តោន ចូលប្រទេសចិន ភាគច្រើនគឺ ឪឡឹក ត្រសក់ផ្អែម (honeydew lemon) ស្វាយ។ល។ ពេលនេះ ក្នុងមួយថ្ងៃ មានឡានមិនដល់ ១០ គ្រឿង ដែលអាចឆ្លងកាត់ច្រកព្រំដែន»។
«យើងត្រូវស្វែងរកវិធីដើម្បីនាំចេញទៅកាន់ប្រទេសដទៃ ឬលក់ក្នុងស្រុក ប៉ុន្តែ ត្រូវការពេលវេលា។ ក្នុងករណីភាគច្រើន យើងមានតែបោះចោលផ្លែឪឡឹក» លោក Lee Htay បន្ថែមដូច្នេះ និងបន្តថា យ៉ាងហោចណាស់មានឡានដឹកទំនិញចំនួន ២០០ គ្រឿងដែលដឹកផ្លែឈើ កំពុងកកស្ទះលើដងផ្លូវពី Mandalay ដែលជាទីក្រុងធំជាងគេទី២ របស់ មីយ៉ានម៉ា ភ្ជាប់ទៅកាន់ទីរួមស្រុក Musem។ នេះគឺជាផ្លូវសំខាន់ដែលភ្ជាប់ទៅទីរួមស្រុកមួយចំនួននៅ ប្រទេសចិន ដូចជា Wanding និង Ruili ជាដើម។
យោងតាមស្ថានទូតចិន ប្រចាំ មីយ៉ានម៉ា ទំហំនៃការនាំចេញ នាំចូលតាមច្រកព្រំដែន Wanding មានតម្លៃប្រហែល ២០០ លានយុន (៣១ លានដុល្លារអាម៉េរិក) នៅក្នុងខែធ្នូ ២០២១ ក្រោយការបើកច្រកព្រំដែនឡើងវិញបានមួយខែ ថយចុះជាង ៤០% ធៀបនឹងឆ្នាំមុន។ ស្ថានទូតចិន បានឱ្យដឹងដែរថា ការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ គឺមានន័យថា ឡានដឹកទំនិញប្រមាណ ៤០ គ្រឿងប៉ុណ្ណោះ ដែលអាចត្រូវបានត្រួតពិនិត្យ និងអនុញ្ញាតឱ្យឆ្លងកាត់ច្រកព្រំដែននេះ នៅក្នុង ១ ថ្ងៃ៕