កាលពីថ្ងៃទី ៤ មករា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ អែលសាល់វ៉ាឌ័រ (El Salvador) លោក Alejandro Zelaya បានប្រកាសថា រដ្ឋាភិបាលប្រទេសអាម៉េរិកភាគកណ្ដាលនេះ នឹងបោះផ្សាយមូលបត្របំណុល Bitcoin នៅអំឡុងខែកុម្ភៈ និងខែមីនាខាងមុខ ដើម្បីប្រមូលទុនសម្រាប់គម្រោងសាងសង់ «ទីក្រុង Bitcoin» ដំបូងគេបង្អស់ក្នុងពិភពលោក។
ប្រភពព័ត៌មានពី អាម៉េរិកឡាទីន បានឱ្យដឹងថា រដ្ឋមន្ត្រី Zelaya ថ្លែងថា បើទោះជាការស្ទង់មតិលើក្រុមអ្នកវិនិយោគស្ដីអំពីលទ្ធភាពនៃតម្រូវការលើមូលបត្រនេះស្ថិតនៅក្នុងកម្រិតជាង ២០០ លានដុល្លារអាម៉េរិក ក៏ដោយ ក៏រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ នៅតែរៀបផែនការបោះផ្សាយមូលបត្រ Bitcoin តម្លៃ ១ ពាន់លានដុល្លារ។ រដ្ឋមន្ត្រី Zelaya វាយតម្លៃថា ការបោះផ្សាយមូលបត្រ Bitcoin បានជោគជ័យ នឹងបើកផ្លូវឱ្យមានឱកាសសម្រាប់វិស័យហិរញ្ញវត្ថុថ្មី ទន្ទឹមនឹងការបន្តបោះផ្សាយមូលបត្រនៅលើទីផ្សារបច្ចុប្បន្ន។
កាលពីខែកញ្ញា ឆ្នាំ ២០២១ អែលសាល់វ៉ាឌ័រ បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានទទួលស្គាល់ប្រាក់ឌីជីថល Bitcoin ជាផ្លូវការសម្រាប់ការជួញដូរ បន្ទាប់ពីសភាប្រទេសនេះបានអនុម័តច្បាប់ Bitcoin កាលពីថ្ងៃទី ៩ មិថុនា ២០២១។
យោងតាមច្បាស់នេះ Bitcoin ត្រូវបានប្រើប្រាស់ស្របច្បាប់ មិនមានកំណត់នៅក្នុងការជួញដូរណាមួយ និងចំពោះរាល់មុខតំណែងដែលរូបវន្តបុគ្គល និងនីតិបុគ្គលរបស់រដ្ឋ ឬឯកជនស្នើអនុវត្ត។ ទន្ទឹមនឹងនេះ ច្បាប់របស់ អែលសាល់វ៉ាឌ័រ ក៏បានកំណត់ថា ការជួញដូររវាង Bitcoin និងរូបិយវត្ថុដុល្លារអាម៉េរិក នឹងត្រូវបានធ្វើឡើងដោយ «សេរី ទៅតាមទីផ្សារ» ហើយនឹងមិនត្រូវជាប់ពន្ធលើទុនបន្ថែមដូចទៅនឹងប្រភេទរូបិយវត្ថុស្របច្បាប់ដទៃ៕