(ជប៉ុន)-លោកសង្ឃមួយអង្គ នាម Ryushin Takiyama បានចូលរួមបញ្ចេញក្បាច់រាំជាមួយនឹងបទភ្លេងកន្ត្រាក់អារម្មណ៍នៅឯវិហារ Ekoin ដើម្បីជាការលើកទឹកចិត្តដល់សិស្ស និស្សិតដែលត្រូវចូលប្រលងនៅមហាវិទ្យាល័យ។
អង្គគ្រូ Ryushin Takiyama រួមនឹងសិស្សជាច្រើននាក់របស់សាលាមធ្យមសិក្សា Koyasan ក្នុងខេត្ត Wakayama នៃប្រទេសជប៉ុន គ្រង និងស្លៀកពាក់ឈុតចីវរ និងរាំរែកទៅតាមចង្វាក់ Sutra Remix ដែលនិពន្ធដោយ Kenta Higashioji។
វីដេអូនេះបានចាប់ផ្ដើមដោយទេសភាពស្ងប់ស្ងាត់នៅឯវិហារ Ekoin ស្ថិតនៅលើភ្នំពិសិដ្ឋ Koya ក្នុងខេត្ត Wakayama។ ក្នុងទិដ្ឋភាព និងកាយវិការប្រកបដោយការសង្រួម ស្រាប់តែអង្គគ្រូ Takiyama បញ្ចេញក្បាចរាំទន្ទឹមនឹងចង្វាក់ភ្លេងយ៉ាងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំអមកំដររបស់ក្រុមនិស្សិត។
វីដេអូ ដែលត្រូវបានបង្ហោះលើ Youtube តាំបពីចុងខែធ្នូ ២០២១ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងទាក់ទាញអ្នកចូលមើលបានរាប់ម៉ឺនលើក។
ការសម្ដែងរបស់អង្គគ្រូ Takiyama ត្រូវបានពន្យល់ថា ជាអំណោយជំនួយស្មារតី លើកទឹកចិត្តដល់សិស្ស និស្សិតជប៉ុន ដែលត្រៀមខ្លួនសម្រាប់ការប្រលងចូលមហាវិទ្យាល័យនៅដើមឆ្នាំនេះ ហើយក៏ជាគម្រោងដែលសហការជាមួយក្រុមហ៊ុនផលិតស្ករគ្រាប់ក្នុងស្រុកមួយផងដែរ។
ព្រះគ្រូ Takiyama គឺជាស្ថាបនិករបស់គម្រោង «Koyasan x Dance» ដែលបង្កើតឡើងក្នុងបំណងចែករំលែកវប្បធម៌ ប្រវត្តិសាស្ត្រ និងជំនឿ Koyasan ទៅកាន់ពិភពលោក តាមរយៈសិល្បៈនៃការសម្ដែង។
ក្រៅពីវីដេអូខាងលើ ក្រុមហ៊ុនផលិតស្ករគ្រាប់ខាងលើនោះ ថែមទាំងបាននាំយកផលិតផលរបស់ពួកគេមកកាន់វិហារ Ekoin ដើម្បីពឹងសង្ឃអង្គនេះប្រសិទ្ធី និងចែកជូនសិស្ស និស្សិតដែលកំពុងត្រៀមប្រលងផងដែរ។ សិស្ស និស្សិតដំបូងគេចំនួន ២៤០ នាក់ ដែលមកកាន់វិហារនេះ សុទ្ធតែទទួលបានស្ករគ្រាប់ ១ ថង់ ដែលត្រូវគេចាត់ទុកថាជាវត្ថុស័ក្ដិសិទ្ធសម្រាប់ការប្រលងនាពេលខាងមុខ៕