ការនាំចេញកសិផលរបស់ កម្ពុជា សម្រេចបានជិត ៥ ពាន់លានដុល្លារអាម៉េរិក ដោយបរិមាណនាំចេញសរុប ជាង ៧ លានតោន នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ប្រភពព័ត៌មានឱ្យដឹងថា ការបូកសរុបជាបឋមបង្ហាញថា តម្លៃនៃការនាំចេញកសិផលរបស់ កម្ពុជា ទៅក្រៅប្រទេស ក្នុងរយៈពេល ១២ ខែ នៃឆ្នាំ ២០២១ មានចំនួនជាង ៤,៩៦៧,៨៥២,០០០ ដុល្លារអាមេរិក ក្នុងនោះមាន៖ អង្ករជាង ៥០០ លានដុល្លារអាមេរិក, ស្រូវជាង ៦៣១ លានដុល្លារអាមេរិក, កសិផលក្រៅពីស្រូវ-អង្ករ ជាង ៣,១៦៤ លានដុល្លារអាមេរិក, កៅស៊ូធម្មជាតិជាង ៦០០ លានដុល្លារអាមេរិក, ឈើកៅស៊ូជាង ១ លានដុល្លារអាមេរិក, ឈើអារនិងសត្វស្វាជាង ៣៥ លានដុល្លារអាមេរិក ត្រីគ្រប់ប្រភេទជាង ៤ លានដុល្លារអាមេរិក។
ការិយាល័យភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ឆ្នាំ ២០២១ កម្ពុជា បាននាំចេញកសិផលទៅក្រៅប្រទេស សរុប ៧,៩៨៤,២៥១ តោន កើន ៣,១១០,៧៩០ តោន ដែលច្រើនជាង ៦៣.៨៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
អង្ករធម្មតា, អង្ករក្រអូបគ្រប់ប្រភេទ, ស្រូវ, ដំឡូងមី, ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្ដែកបាយ, គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែក្រូចថ្លុង, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ, ទឹកស៊ីរ៉ូស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែចម្រុះ, ម្ទេស រួមជាមួយនឹងផលិតផលចំនួន ៩៥ មុខផ្សេងទៀតគឺជាកសិផលសំខាន់ៗដែល កម្ពុជា បាននាំចេញទៅក្រៅប្រទេស៕