Skip to content

យុទ្ធនាការ 100ថ្ងៃ ​ដើម្បី​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

ភ្នំពេញ – នៅ​ថ្ងៃទី11 ខែកញ្ញា​ខាងមុខនេះ មន្ដ្រី​ជំនាញ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចេញដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ100ថ្ងៃ​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ដែល​ពុំទាន់​បាន​បំពេញ​លក្ខខណ្ឌ​ស្របច្បាប់​នៅតាម​រោងចក្រ​ចំនួន 200កន្លែង។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​យុទ្ធនាការ100ថ្ងៃនេះ​ត្រូវបាន​អនុវត្ដ​តាំងពី​ថ្ងៃ1 ខែសីហា ឆ្នាំ2017មកម្ល៉េះ ហើយនឹង​ត្រូវដាក់​បន្ថែ​ម​ក្រុម​ចល័ត4ក្រុម​បន្ថែមទៀត​ចុះទៅ​ធ្វើការ​ដល់​រោងចក្រ​ចំនួន200កន្លែង​ដែលមាន​ការប្រើប្រាស់​ពល​ករ​ខ្មែរ​លើសពី70នាក់។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ដំណើរការ​ការធ្វើ​លិខិត​ឆ្លងដែន​ជូន​ប្រជា​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​ដោយផ្ទាល់​ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​ធ្វើដំណើរ​មក​ធ្វើលិខិត​ឆ្លងដែន​នៅ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ។ ការធ្វើ​លិខិតឆ្លងដែន​នេះ​គឺ​ធ្វើ​តែមួយ​ថ្ងៃ​នឹង​ទទួលបាន​លិខិត​ឆ្លង​ដែរ​តែម្តង​ជាមួយនឹង​តម្លៃ2350បាត និង​គ្រោង​ធ្វើឱ្យបាន500នាក់​ក្នុង​មួយថ្ងៃ។ យុទ្ធនាការ​នោះ​មន្ដ្រី​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ផ្ដល់ជូន​នូវ​លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ ព្រមទាំង​ប័ណ្ណ ​COWC។

រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់​ទៀតថា ប្រសិនបើ​យុទ្ធនាការ100ថ្ងៃ​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​បញ្ចប់ទៅ​ប្រកបដោយ​ជោគជ័យ​នោះ កម្ពុជា​នឹង​ពិចារណា​ថា នឹង​បន្ដ​យុទ្ធនា​ការផ្ដល់​ភាពស្របច្បាប់​សម្រាប់​ពល​ករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បន្ដទៀត។

គួររំឭកថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រង្វង់1លាន 5ម៉ឺន​នាក់ ក្នុងនោះ​មាន​ប្រមាណ​តែ​ជាង70ម៉ឺន​នាក់​ប៉ុណ្ណោះ​ជា​ពលករ​ស្របច្បាប់ ចំណែក​ជាង30ម៉ឺន​នាក់​ទៀត​ពុំទាន់​មាន​ភាពស្របច្បាប់​នៅឡើយ​ទេ។ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​សេនាធិការ​សម្រេច​ធ្វើ​កិច្ចការ​នេះ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា​ពលករ​ខ្មែរ​ដែល​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន និង​ពុំទាន់​បំពេញបែបបទ​ស្របច្បាប់​ក្នុងការ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ។

យុទ្ធនាការ​នេះ​ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​ភាគី​ថៃ​ប្រកាសថា នឹង​រឹតបន្ដឹង​ផ្នែក​ច្បាប់​ដោយ​ដាក់ទោស​ធ្ងន់ធ្ងរ​ទៅលើ​ពលករ​បរទេស​ទាំងឡាយ​ណា​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​ដោយ​មិន​ស្របច្បាប់  ពិសេស​ទៅលើ​ថៅកែ​ជនជាតិ​ថៃ​ណា​នៅតែ​បន្ដ​ទទួលយក​កម្មករ​មក​ធ្វើការ​ងារ​ដោយ​ខុសច្បាប់។ ទោះជា​យ៉ាងណា​ភាគី​ថៃ​ក៏បាន​ពន្យារពេល​ការ​អនុវត្ដ​ច្បាប់​រឹតបន្ដឹង​នេះ​រហូតដល់6ខែ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ពលករ​កម្ពុជា​អាចបំពេញ​លក្ខខណ្ឌ​ឱ្យស្រប​ច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *