សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងកាត់ទន្លេមេគង្គង តភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់តំបន់ស្វាយជ្រុំ នឹងជានិមិត្តរូបថ្មីមួយទៀតនៃសាមគ្គីភាពរវាង កម្ពុជា និង សាធារណរដ្ឋកូរ៉េ ទន្ទឺមនឹងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន។
នៅក្នុងពីធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្រោយបើកឱ្យមានទំនាក់ទំនងនឹងគ្នា កម្ពុជា និង សាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្ន គឺមានភាពល្អប្រសើរណាស់ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនលើសពីមួយពាន់លានដុល្លារសហរដ្ឋអាមេរិក»។
ជាងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវក្ដីសង្ឃឹមថា មិត្តកូរ៉េ នឹងបន្តជួយដល់កម្ពុជា ហើយ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ស្វាយជ្រុំ ដែលនឹងត្រូវបានសាងសង់នាពេលខាងមុខ អាចចាត់ទុកថាជានិមិត្តរូបនៃសាមគ្គីភាពរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋកូរ៉េ ដែលបានជួយជ្រោមជ្រែងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដើម្បីជួដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខាមាលភាពប្រជាពលរដ្ឋ៕