ផ្លូវល្បឿនលឿនក្រោមទឹកប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតនៅខាងក្រោមបឹងទឹកសាបធំជាងគេមួយនៅប្រទេស ចិន ដោយឆ្លងកាន់តំបន់ Taihu នៃខេត្ត Jiangsu ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីការស្ថាបនាអស់រយៈពេល ៤ ឆ្នាំ។
ផ្លូវរូងក្រោមទឹកដែលមានប្រវែង ១០.៧៩ គីឡូម៉ែត្រ កម្ពស់ ៧.២៥ ម៉ែត្រ និងទទឹង ៤៣.៦ ម៉ែត្រ នេះ ត្រូវបានសាងសង់នៅខាងក្រោមបឹង Taihu ស្ថិតនៅចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រទៅទិសខាងកើតនៃទីក្រុង សៀងហៃ។
ផ្លូវល្បឿនលឿនក្រោមទឹកនេះជាផ្នែកមួយនៃផ្លូវល្បឿនលឿនប្រវែង ៤៤ គីឡូម៉ែត្រ តម្លៃ ២.៤ ពាន់លានដុល្លារ នៅក្នុងខេត្ត Jiangsu ដែលតភ្ជាប់ទីក្រុង Wuxi ស្ថិតនៅលើឆ្នេរខាងជើងរបស់បឹង Taihu ជាមួយនឹងទីក្រុង Changzhou។
គម្រោងស្ថាបនាផ្លូវក្រោមទឹក Taihu ដែលវែងជាងគេនៅប្រទេស ចិន នេះ ត្រូវបានចាប់ផ្ដើមការសាងសង់ពីខែមករា ឆ្នាំ ២០១៨។ ផ្លូវ ២ ទិសផ្ទុយគ្នានេះ មានគន្លងចំនួន ៦ អនុញ្ញាតឱ្យយានយន្តអាចធ្វើដំណើរក្នុងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង។ គម្រោងនេះបានចំណាយថវិកាសរុប ៥ ពាន់លានយុន (ប្រហែល ៧៨៤.៧ លានដុល្លារអាម៉េរិក)។
ផ្លូវរូងក្រោមទឹក Taihu នឹងជួយកាត់បន្ថយបានពាក់កណ្ដាលនៃពេលវេលាធ្វើដំណើររវាងស្រុក Mashan និង Nanquan របស់ទីក្រុង Wuxi។
Taihu គឺជាបឹងមួយក្នុងចំណោមបឹងទឹកសាបធំបំផុតក្នុងប្រទេស ចិន ដោយមានផ្ទៃក្រឡា ២,២៥០ គីឡូម៉ែត្រ។ នៅលើបឹងនេះ មានកោះតូចៗជាច្រើនផងដែរ។ វាជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់មនុស្សប្រមាណ ៣០ លាននាក់ ប៉ុន្តែ ត្រូវរងផលប៉ះពាល់ខ្លាំងក្នុងរយៈពេល ៤០ ឆ្នាំកន្លង ដោយសារតែបញ្ហាបរិស្ថាន ពិសេសគឺសកម្មភាពបង្ហូរទឹកចេញពីលូ សំរាម កាកសំណល់ឧស្សាហកម្ម និងលាមកសត្វ៕