BNB ឡើងថ្លៃខ្ពស់ដោយសារត្រូវបានគេប្រើប្រាស់ច្រើននៅលើ Binance ដែលជាផ្សារជួញដូរប្រាក់ឌីជីថលធំជាងគេក្នុងពិភពលោក។
ក្នុងចំណោមរូបិយវត្ថុឌីជីលដែលមានមូលធនទីផ្សារធំជាងគេក្នុងពិភពលោក គេឃើញថា Binance Coin (BNB) លេចធ្លោជាងគេបង្អស់ក្នុងឆ្នាំ ២០២១ ធៀបនឹង Bitcoin និង Ether។ ប្រាក់ឌីជីថល ដែលត្រូវបានបង្កើតឡើងដោយផ្សារជួញដូរប្រាក់ឌីជីល Binance Holdings នេះ បានកើនឡើងប្រមាណ ១,៣០០% ក្នុងឆ្នាំ ២០២១ នេះបើតាមការស្រាវជ្រាវរបស់ Arcane Research។
ចំណែក Bitcoin វិញ បានកើន ៦៥% ខណៈ Ether កើន ៤០៧%។ យោងតាម Coinmarketcap ប្រាក់ឌីជីថល BNB កំពុងមានតម្លៃប្រហែល ៥១៨ ដុល្លារ និងមានមូលធនទីផ្សារ (Market Capitalization) ៨៦ ពាន់លានដុល្លារអាម៉េរិក។
BNB ត្រូវបានប្រើប្រាស់ច្រើននៅលើ Binance ដែលជាផ្សារជួញដូរប្រាក់ឌីជីថលធំបំផុតក្នុងពិភពលោក បើគិតទៅតាមទំហំនៃការជួញដូរ។ BNB ក៏ជាប្រាក់ឌីជីថលសម្រាប់ Binance Smart Chain (BSC) ដែលជាថ្នាល blockchain គាំទ្រដល់កិច្ចព្រមព្រៀងឆ្លាតវៃ (smart contract) ដើម្បីប្រើប្រាស់ក្នុងវិស័យវិមជ្ឈការហិរញ្ញវត្ថុ (DeFi) ផងដែរ។ល។
ក្រៅពីរូបិយវត្ថុឌីជីថលមួយចំនួនខាងលើ គេឃើញថា នៅមាន altcoin (ប្រាក់ឌីជីថលជំនួស Bitcoin) ដទៃទៀត មានដូចជា Solana និង Fantom ជាដើម ក៏កើនឡើងខ្ពស់ក្នុងឆ្នាំ ២០២១។ ក្រុមអ្នកវិភាគព្យាករថា និន្នាការនៃការកើនឡើងរបស់បណ្ដា altcoin នឹងនៅតែបន្តកើតមាន។
តម្លៃរបស់ប្រាក់ឌីជីថលមួយដែលត្រូវបានគេស្គាល់ច្រើនបំផុតក្នុងពិភពលោក គឺ Bitcoin បានថយចុះមកនៅក្រោម ៤៧,០០០ ដុល្លារ/coin នៅចុងខែធ្នូនេះ។ យោងតាម Bloomberg ប្រាក់ឌីជីថលនេះ នៅតែជានិមិត្តរូបនៃការប្រែប្រួល ហើយតម្លៃរបស់វានៅឆ្នាំក្រោយ នឹងនៅតែជាសំណួរមួយដ៏ធំ ក្នុងគ្រាដែលជំងឺអាសន្នរោគ កូវីដ-១៩ ត្រូវបានគ្រប់គ្រងបន្តិចម្ដង៕