ខ្សែប្រយុទ្ធ Kylian Mbappe បានរកគ្រាប់បាល់បញ្ចូលទីនៅថ្ងៃនៃការចូលលេងជាលើកដំបូងរបស់គេ ខណៈដែលក្រុម Paris Saint-Germain បានកត់ត្រាជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល 5-1 នៅលើទឹកដីក្រុម Metz ដែលនៅសល់សមាជិកតែ10នាក់ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសុក្រ។
ការបញ្ជូនបាល់យ៉ាងល្អរបស់ Neymar បានជួយឲ្យខ្សែប្រយុទ្ធ Edinson Cavani រកបានគ្រាប់បាល់បើកឆាកនៅនាទីទី31 នៅមុនពេលកីឡាករ Emmanuel Riviere បានតែតបាល់បញ្ចូលទីដើម្បីរកគ្រាប់បាល់តាមស្មើវិញនៅមុនពេលបញ្ចប់តង់ទី1។
ប៉ុន្តែ ការប្រកួតនេះបានបញ្ចប់ទាំងស្រុងក្នុងចន្លោះពេលត្រឹមតែ3នាទីក្នុងតង់ទី2 ក្រោយពី Benoit Assou-Ekotto បានរងពិន័យកាតក្រហម ដោយសារតែការប្រព្រឹត្តកំហុសទៅលើ Mbappe នៅមុនពេលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី1របស់គេ។ បន្ទាប់មក ក្រុម PSG បានវាយសម្រុកយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់បន្ថែមទៀត ខណៈដែល Neymar ក៏រកគ្រាប់បាល់បំប៉ោងសំណាញ់ទីបានដែរ នៅមុនពេល Cavani បានរកគ្រាប់បាល់ទី2របស់គេ ហើយ Lucas Moura បានរកគ្រាប់បាល់ទី5ដើម្បីបំពេញការទទួលជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។
ជ័យជម្នះនេះ គឺជាការទទួលជ័យជម្នះជាលើកទី5ជាប់ៗគ្នារបស់ PSG នៅដើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Ligue 1 មកទល់ពេលនេះ និងបានធ្វើឲ្យពួកគេនាំមុខ3ពិន្ទុជាបណ្តោះអាសន្ននៅលើកំពូលតារាង ពីលើក្រុមម្ចាស់ការពារតំណែងជើងឯក Monaco ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Nice នៅថ្ងៃសៅរ៍នេះ។
Mbappe ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងនៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី1របស់គេ ក្រោយពីបានផ្ទេរមកពីក្លិប Monaco ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយនឹងជម្រើសក្នុងការទិញយកដាច់ក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់180លានអឺរ៉ូ (ស្មើនឹង216.5លានដុល្លារអាមេរិក)៕
ប្រភពពី៖ Sport24