តាង ស៊ីវអ៊ូ (Tang Xiao’ou) សហស្ថាបនិករបស់ក្រុមហ៊ុន SenseTime បច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន ២១% ដែលប្រហាក់ប្រហែលនឹង ៣.៤ ពាន់លានដុល្លារអាម៉េរិក។
SenseTime Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត (AI/Artificial intelligence) ធំជាងគេនៅ ប្រទេសចិន កាលពីសប្ដាហ៍កន្លងបានកំណត់មូលបត្រនៅពេលធ្វើ IPO ក្នុងតម្លៃ ៣.៨៥ ដុល្លារហុងកុង/ហ៊ុន ហើយប្រមូលទុនបាន ៥.៥៥ ពាន់លានដុល្លារហុងកុង។ មូលបត្ររបស់ក្រុមហ៊ុននេះនឹងត្រូវដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុនហុងកុង ចាប់ពីថ្ងៃទី ៣០ ធ្នូ ២០២១។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានមូលធនទីផ្សារតម្លៃជាង ១៦ ពាន់លានដុល្លារអាម៉េរិក។
យោងតាម Bloomberg Billionaires Index បច្ចុប្បន្ន សហស្ថាបនិករបស់ SenseTime គឺលោក តាង ស៊ីវអ៊ូ កំពុងកាន់កាប់ភាគហ៊ុនចំនួន ២១% នៅក្នុងក្រុមហ៊ុន ដែលនៃប្រហាក់ប្រហែលនឹង ៣.៤ ពាន់លានដុល្លារអាម៉េរិក។ លោក តាង ស៊ីវអ៊ូ ឆ្នាំនេះមានអាយុ ៥៣ ឆ្នាំ ហើយក៏ជាសាស្ត្រាចារ្យផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering/ITE) នៃសាកលវិទ្យាល័យចិនហុងកុង( Chinese University of Hong Kong)។
លោក តាង ស៊ីវអ៊ូ បានចូលប្រលូកក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផ្នែកស្កេនផ្ទៃមុខ តាំងតែពីយូរមកហើយ។ លោកបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បន្ទាប់មកក៏ទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យ Rochester នៅទីក្រុងនីវយ៉ក សហរដ្ឋអាម៉េរិក ហើយក្រោយមកទៀតក៏ទទួលបានសញ្ញាបត្របណ្ឌិតពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts កាលពីឆ្នាំ ១៩៩៦។
លោក តាង ស៊ីវអ៊ូ ធ្លាប់ធ្វើការឱ្យ Microsoft Research Asia អស់រយៈពេលច្រើនឆ្នាំ មុននឹងក្លាយជាសហស្ថាបនិករបស់ SenseTime កាលពីឆ្នាំ ២០១៤ នៅ សៀងហៃ ដោយសហការជាមួយ Xu Li (កាលណោះ Xu Li ធ្វើការឱ្យ Lenovo Group។ មិនយូរប៉ុន្មាន ក្រុមហ៊ុន SenseTime ក៏ទទួលបានទុនវិនិយោគពី IDG Capital, SoftBank, Alibaba Group រួមទាំង Silver Lake ផងដែរ។
សារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្ន SenseTime គឺជាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ធំជាងគេប្រចាំ ទ្វីបអាស៊ី ដោយមានចំណែកទីផ្សារ ១១%។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ កាលពីឆ្នាំទៅ កើន ១៤% ដែលឡើងដល់ ៣.៤ ពាន់លានយុន (៥៣៤ លានដុល្លារអាម៉េរិក) ប៉ុន្តែ ពួកគេក៏ខាតបង់ ១.៨ ពាន់លានយុនផងដែរ ទៅលើការចំណាយនានារបស់ក្រុមហ៊ុន៕