មហាសេដ្ឋីលំដាប់លេខ ១ ក្នុងពិភពលោក ជិតបានសម្រេចកិច្ចការលក់ភាគហ៊ុនចំនួន ១០% ក្នុងចំណោមភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុន Tesla ទៅតាមការសន្យានៅក្នុងការស្ទង់មតិលើ Twitter កាលពីខែមុន។
យោងតាមឯកសារដែលបានដាក់ទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) នាយកប្រតិបត្តិរបស់ Tesla លោក អ៊ីឡុន ម៉ាស ទើបតែបានលក់ភាគហ៊ុន Tesla ចំនួន ៩៣៤,០០០ ហ៊ុនថែមទៀត ធ្វើឱ្យភាគហ៊ុនសរុបដែលលោកបានលក់ចាប់តាំងពីខែវិច្ឆិកា មកដល់បច្ចុប្បន្ន ឡើងដល់ ១៥.៦ លានហ៊ុន។ តួលេខភាគហ៊ុននេះប្រហាក់ប្រហែលនឹងទឹកប្រាក់ ១៦.៤ ពាន់លានដុល្លារ។ មហាសេដ្ឋីរូបនេះត្រូវការលក់ភាគហ៊ុន Tesla ប្រហែល ១៧ លានហ៊ុន ទើបត្រូវទៅតាមការសន្យាលក់ភាគហ៊ុន ១០% ដែលលោកបានធ្វើឡើងកាលពីខែវិច្ឆិកា។
នៅក្នុងការស្ទង់មតិមួយនៅលើបណ្ដាញសង្គម Twitter កាលពីខែវិច្ឆិកា ២០២១ ពាក់ព័ន្ធនឹង កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស បានសួរអ្នកលេងបណ្ដាញសង្គមថា គួរតែលក់ភាគហ៊ុន Tesla ១០% ឬទេ។ ភាគហ៊ុន Tesla បានកើនឡើងជាង ២,៣០០% ក្នុងរយៈពេល ៥ ឆ្នាំមកនេះ។ កាលពីសប្ដាហ៍កន្លងទៅ លោក Musk បានប្រកាសថា លោកជិតសម្រេចបានគោលដៅនៃការលក់ភាគហ៊ុននេះហើយ។
កាលពីសប្ដាហ៍កន្លង CEO របស់ Tesla បានអះអាងថា លោកនឹងបង់ពន្ធជាង ១១ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។
បច្ចុប្បន្ន មហាសេដ្ឋី អ៊ីឡុន ម៉ាស គឺជាអ្នកមានជាងគេបំផុតក្នុងពិភពលោក ដោយមានទ្រព្យសរុប ២៧៩ ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។ ទ្រព្យសម្បត្តិរបស់លោក បានកើនជិត ៨០% នៅក្នុងឆ្នាំ ២០២១៕