ប្រទេសចិន កាលពីថ្ងៃទី ២៤ ធ្នូ ២០២១ បានដាក់ឱ្យដំណើរការចំការផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់លើផ្ទៃសមុទ្រ ដែលផ្ដល់ថាមពលអគ្គិសនីជាង ១ លានគីឡូវ៉ាត់ ដំបូងគេបង្អស់របស់ប្រទេសនេះ។
ចំការផលិតអគ្គិសនីដើរដោយថាមពលខ្យល់លើសមុទ្រធំបំផុតនៅ ប្រទេសចិន បានចាប់ផ្ដើមផលិតអគ្គិសនី និងតភ្ជាប់បណ្ដាញកាលពីថ្ងៃទី ២៤ ធ្នូ ដែលនេះគឺជាជំហានថ្មីមួយនៅក្នុងការប្ដេជ្ញាអភិវឌ្ឍថាមពលស្អាតរបស់ ប្រទេសចិន។
ស្ថិតនៅលើផ្ទៃសមុទ្ររបស់ទីក្រុង Yangjiang នៃខេត្ត ក្វាងទុង ភាគខាងត្បូង ប្រទេសចិន ចំការអគ្គិសនី Yangjiang Shapa ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន China Three Gorges Corporation ដោយប្រើប្រាស់ទុនសរុប ៥.៥ ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះរួមមាន ទួរប៊ីនខ្យល់ចំនួន ២៦៩ គ្រឿង ដែលអាចផ្ដល់អគ្គិសនី ១.៧ លានគីឡូវ៉ាត់។
ប្រធានក្រុមហ៊ុន China Three Gorges Corporation លោក Lei Mingshan បានឱ្យដឹងថា ការសាងសង់គម្រោងនេះនឹងនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ ទាក់ទងនឹងការអភិវឌ្ឍចំការផលិតអគ្គិសនីដើរដោយថាមពលខ្យល់នៅលើផ្ទៃសមុទ្រក្នុងទ្រង់ទ្រាយធំ និងប្រមូលផ្ដុំនៅ ប្រទេសចិន ក៏ដូចជានៅក្នុងតំបន់ទឹកជ្រៅ។
ក្រោយពីបានឈានដល់ដំណាក់កាលដំណើរការទាំងស្រុង ចំការផលិតអគ្គិសនី Yangjiang Shapa នឹងផ្គត់ផ្គង់អគ្គិសនីបៃតងចំនួន ៤.៧ ពាន់លានគីឡូវ៉ាត់/ម៉ោង ជារៀងរាល់ឆ្នាំ ប្រហាក់ប្រហែលនឹងការដុតធ្យូងថ្មចំនួនប្រហែល ១.៥ លានតោន នៅក្នុងវិស័យផលិតអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម។ ប្រការនេះនឹងជួយកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត ប្រមាណ ៤ លានតោន/ឆ្នាំ។
គម្រោងនេះនឹងផ្គត់ផ្គង់តម្រូវការប្រើប្រាស់អគ្គិសនីរបស់គ្រួសារដែលជាអតិថិជនចំនួន ២ លានគ្រួ ហើយរួមចំណែកក្នុងការផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ៕