រាជរដ្ឋាភិបាលជប៉ុន បញ្ជាក់ថា នឹងជួយជំរុញកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ ស្នូល របស់ កម្ពុជា នេះបើតាម ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការផ្ទាល់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នៅឯគេហដ្ឋានរបស់ សម្ដេច នាទីក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនរបស់ជប៉ុនមួយចំនួន កំពុងតែស្នើសុំបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅ កម្ពុជា។
ជាងនេះ ឯកឧត្ដម MIKAMI Masahiro ក៏បានបញ្ជាក់ថា ប្រទេសជប៉ុន គាំទ្រ និងជួយជំរុញកំពង់ផែក្រុងព្រះសីហនុ របស់ កម្ពុជា ឱ្យក្លាយទៅជាកំពង់ផែសំខាន់បំផុតរបស់ប្រទេសជាតិ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះ ប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយ និងការគាំទ្រដល់ កម្ពុជា នាពេលកន្លង ក៏ដូចជានាពេលខាងមុខ៕