ផ្លូវល្បឿនលឿន S21 អាល់តៃ-អ៊ុយរ៉ុមឈី (Altay-Urumqi) ប្រវែង ៣៤៣ គីឡូម៉ែត្រ ដែលឆ្លងកាត់សមុទ្រខ្សាច់ធំលំដាប់ទី ២ របស់ ប្រទេសចិន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចហើយ។
ផ្លូវល្បឿនលឿនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ២៤ ធ្នូ ២០២១ នេះ នឹងជួយកាត់បន្ថយពេលវេលាបានពាក់កណ្ដាលនៃការធ្វើដំណើរពីទីក្រុងរដ្ឋបាល អ៊ុយរ៉ុមឈី ទៅកាន់តំបន់ អាល់តៃ នៅភាគខាងជើង។
S21 អាល់តៃ-អ៊ុយរ៉ុមឈី មានប្រវែងសរុប ៣៤៣ គីឡូម៉ែត្រ ក្នុងនោះមានជាង ១៥០ គីឡូម៉ែត្រស្ថិតនៅលើសមុទ្រខ្សាច់ ហ្គរបានទុងហ្គូត (Gurbantunggut) ជាសមុទ្រខ្សាច់ធំលំដាប់ទី ២ នៅ ប្រទេសចិន។
តាបឺស (Tabus) ដែលជាអ្នកផ្ដល់សេវាកម្មរថយន្តសម្រាប់អ្នកដំណើរផ្លូវឆ្ងាយ បានឱ្យដឹងថា៖ «យើងធ្លាប់ចំណាយពេលពី ៧ ទៅ ៨ ម៉ោង ដើម្បីទៅកាន់ អ៊ុយរ៉ុមឈី»។ ពេលនេះ យើងចំណាយពេលតែប្រហែល ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ ដែលប្រការនេះជួយសន្សំសំច័យពេលវេលាបានយ៉ាងច្រើន។
ចាង ឈាន (Zhang Qian) ដែលជាម្ចាស់ហាងគ្រឿងសមុទ្រមួយនៅស្រុក ហ្វ៊ូហៃ (Fuhai) ថ្លែងថា ដោយសារមានផ្លូវថ្មី គាត់អាចផ្ញើទំនិញទៅកាន់ អ៊ុយរ៉ុមឈី និងតំបន់ដទៃបានលឿនជាងមុនឆ្ងាយណាស់។ «ទំនិញត្រូវផ្ញើនៅពេលព្រឹក ហើយទៅដល់នៅពេលថ្ងៃត្រង់»។
ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ផ្លូវល្បឿនលឿននេះក៏មានផ្លូវដើរសម្រាប់សត្វព្រៃ មានផ្លាកសញ្ញាព្រមានអំពីល្បឿន និងហាមស៊ីផ្លេ ចំណែកសងខាងផ្លូវក៏មានប្រព័ន្ធសំណាញ់ចំបើងដើម្បីការពារបញ្ហាខ្សាច់ហូរចូលផ្លូវផងដែរ៕