(សហរដ្ឋអាម៉េរិក)-ដោយអាចហោះក្នុងល្បឿន ២៤០ គីឡូម៉ែត្រ/ម៉ោង ក្នុងរង្វង់ប្រតិបត្តិការជិត ១០០ គីឡូម៉ែត្រ និងមិនបញ្ចេញសំឡេងខ្លាំង កូនយន្តហោះ Maker សមស្របសម្រាប់ជើងហោះហើរជុំវិញទីក្រុង។
កូនយន្តហោះគំរូ ដំណើរការស្វ័យប្រវត្ត ដែលមានកៅអី ២ និងមានឈ្មោះថា Maker របស់ Archer Aviation ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី មានទីស្នាក់ការនៅ សហរដ្ឋអាម៉េរិក បានទទួលជោគជ័យនៅក្នុងការហោះហើរសាកល្បងនៅនឹងកន្លែងដំបូងកាលពីថ្ងៃទី ១៦ ធ្នូ ២០២១។
Maker ត្រូវបានបំពាក់កង្ហារចំនួន ១២ គ្រឿង ដែលមានតួនាទីក្នុងការលើកយន្តហោះឡើងត្រង់ទៅលើ ដែលនេះពិតជាសមស្រាបសម្រាប់ទីតាំងចង្អៀតដូចជានៅក្នុងទីក្រុងជាដើម។ បន្ទាប់ពីបានហោះឡើងត្រង់ កង្ហារចំនួន ៦ គ្រឿងក្នុងចំណោម ១២ គ្រឿងនេះ អាចផ្ដេកខ្លួន ៩០ អង្សា ដើម្បីបំពេញមុខងាររុញច្រាន នាំយន្តហោះទៅកាន់គោលដៅ។ ខាងក្នុងយន្តហោះ មានភាពធំទូលាយ ស្រួលដាក់ជើង និងអាចមើលឃើញក្នុងរង្វង់ ២៧០ អង្សា នៅពេលហោះពីលើទីក្រុង។
Maker មានទម្ងន់ស្រាល ដោយសារតែផលិតអំពីសរសៃកាបូន។ កូនយន្តហោះនេះ ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាជាច្រើន តាំងពីប្រព័ន្ធថ្ម រហូតដល់ប្រព័ន្ធគ្រប់គ្រងកម្ដៅ។ល។
ដោយអាចហោះក្នុងល្បឿន ២៤០ គីឡូម៉ែត្រ/ម៉ោង ក្នុងរង្វង់ប្រតិបត្តិការជិត ១០០ គីឡូម៉ែត្រ និងមិនបញ្ចេញសំឡេងខ្លាំង កូនយន្តហោះ Maker សមស្របសម្រាប់ជើងហោះរយៈចម្ងាយខ្លីនៅក្នុងទីក្រុងធំ។ Maker ប្រើប្រាស់អគ្គិសនីទាំងស្រុង ដូច្នេះវាមិនបញ្ចេញឧស្ម័នពុល។ វាក៏ហោះហើរយ៉ាងស្រួល ដោយមានសំឡេងរំខានត្រឹមតែ ៤៥ dB ប៉ុណ្ណោះ។
«ជោគជ័យក្នុងការហោះហើរសាកល្បងនៅនឹងកន្លែងលើកដំបូងនេះ យើងបានបោះទៅមុខ ១ ជំហាន និងបញ្ជាក់ថា ក្រុមហ៊ុន Archer អាចធ្វើការក្នុងល្បឿនលឿនដោយមិនប៉ះពាល់ដល់គុណភាព និងសុវត្ថិភាព» Adam Goldstein ស្ថាបនិករបស់ក្រុមហ៊ុន Archer ថ្លែងដូច្នេះ និងបន្ថែមថា «យើងត្រៀមខ្លួនដើម្បីបន្តការងារជាមួយនឹងល្បឿននេះ ដើម្បីផ្ដល់សេវាកម្មហោះហើររួមនៅចុងឆ្នាំ ២០២៤»៕