ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ អគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានទីតាំងក្បែរ មហាវិថីព្រះនរោត្តម, សង្កាត់ផ្សារថ្មី ៣, ខ័ណ្ឌដូនពេញ, រាជធានី ភ្នំពេញ។
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ ២០១៧ និងបានបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ ២០២០ នេះបើតាមវិទ្យុជាតិកម្ពុជា។
អគារនេះមាន ៣៥ ជាន់,កម្ពស់ ១២០ ម៉ែត្រ, បណ្តោយ ៥៤ ម៉ែត្រ និងទទឹងប្រវែងជាង ២៦ ម៉ែត្រ។ ក្នុងអគារ មានចំណតយានយន្ត ៨ ជាន់ (បូកទាំងក្រោមដី ២ ជាន់) អាចចតរថយន្តបាន ១៤២ គ្រឿង និងម៉ូតូ ១០២ គ្រឿង។
ផ្នែកនីមួយៗត្រូវបានរៀបទៅតាមជាន់ រួមមាន៖ បញ្ជរព័ត៌មាន (ជាន់ទី១); ច្រកចេញ-ចូលតែមួយ (ជាន់ទី៦); សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំចំនួន ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨ នាក់ និង ១២៨ នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន, ការិយាល័យ ២៣ ជាន់, ការិយាល័យអគ្គនាយក, បន្ទប់ទទួលភ្ញៀវ, ការិយាល័យអគ្គនាយករង, ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្ត្រី, អាហារដ្ឋាន (ជាន់ទី២០); ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី ៣១); ស្កាយបារ (ជាន់ទី ៣៣ និង ៣៤)។