មនុស្សម្នាក់ដែលតែងតែចូលចិត្តការបញ្ចេញមតិធ្វើឱ្យអ្នកដទៃខឹងសម្បាដូចជា មហាសេដ្ឋី Elon Musk នេះ ក៏ចេះ «យកចិត្ត» អាជ្ញាធរចិន ពិសេសគឺនៅពេលរោងចក្រផលិតរថយន្តធំបំផុតរបស់ Tesla ស្ថិតនៅក្នុងទឹកដីចិន។
បុរសម្នាក់មកពីតំបន់ Suzhou នៃខេត្ត Jiangsu ភាគខាងត្បូងប្រទេសចិន បានប្រែជាល្បីឈ្មោះដោយចំណាយពេលតែ ១ យប់ នៅលើបណ្ដាញសង្គមចិន ក៏ដូចជា Facebook និង Twitter នៅពេលអ្នកលេងបណ្ដាញសង្គមមើលឃើញថា បុរសនេះពិតជាមានមុខមាត់ដូចបេះបិទទៅនឹងមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក Elon Musk។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេ នោះគឺ ការបញ្ចេញមតិរបស់មហាសេដ្ឋី Elon Musk ទាក់ទងនឹង «Elon Musk ចិន» កាលពីថ្ងៃចន្ទ។ លោក Musk មានយោបល់ថា៖ «ប្រហែលជាមួយចំណែកក្នុងខ្លួនខ្ញុំគឺជាជនជាតិចិន»។
មតិរបស់លោក Musk ភ្លាមនោះក៏ទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងច្រើនដែលស្ដែងចេញដោយការចុចចូលចិត្ត និងការបញ្ចេញមតិជាបន្តបន្ទាប់។ អ្នកលេងបណ្ដាញសង្គមភាគច្រើន យល់ថា នេះគឺជាចម្លើយដ៏ឆ្លាតវៃរបស់មហាសេដ្ឋី Elon Musk នៅក្នុងគ្រាដែល ប្រទេសចិន កំពុងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Tesla។
មុននោះ វីដេអូមួយរបស់បុរសម្នាក់ដែលមានមុខមាត់ដូចទៅនឹងលោក Elon Musk ត្រូវបានបង្ហោះលើបណ្ដាញសង្គម Douyin (TikTok សម្រាប់អ្នកលេងក្នុងប្រទេសចិន) និងត្រូវបានគេចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងប៉ុន្មានថ្ងៃមកនេះ។ ក្នុងវីដេអូ បុរសនេះកំពុងឈរក្បែររថយន្តទំនើបមួយគ្រឿង ហើយជួនកាលក៏ញញឹមដាក់កាមេរ៉ា។
ដោយចូលចិត្តខ្លាំង អ្នកលេងបណ្ដាញសង្គមក៏បានរកឈ្មោះដាក់ឱ្យ «Elon Musk ចិន» រូបនេះ ក្នុងនោះមានដូចជាឈ្មោះ «Elon Mosaic», «Clone Musk» ឬ «Yi Long Musk» ជាដើម។
ក៏ប៉ុន្តែ មតិមួយចំនួនយល់ថា វីដេអូនេះ ទំនងជាផលិតផលនៃបច្ចេកវិទ្យា deepfake។ Deepfake គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យកែប្រែរូបភាពលើផ្ទៃមុខ ក៏ដូចជាមាត់របស់មនុស្សម្នាក់នៅក្នុងវីដេអូ ឬរូបថតណាមួយ ដោយប្រើបញ្ញាសិប្បនិម្មិត (AI) និងប្រើកម្មវិធីគណនាក្នុងកុំព្យូទ័រដើម្បីបំប្លែង។ និយាយបែបផ្សេងវិញគឺថា អ្នកអាចភ្ញាប់ផ្ទៃមុខរបស់អ្នកណាម្នាក់ ទៅនឹងរាងកាយរបស់មនុស្សម្នាក់ផ្សេងទៀត នៅក្នុងវីដេអូ ឬរូបថត។
តបនឹងការចោទប្រកាន់ខាងលើ «Elon Musk ចិន» និយាយនៅក្នុងវីដេអូថ្មីបំផុតរបស់ខ្លួនថា គាត់នឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃអាទិត្យក្រោយ នៅពេលវីដេអូរបស់គាត់ ត្រូវបានចែករំលែកតៗគ្នាបាន ១០,០០០ ដង៕