ក្រុមហ៊ុនចិន ចំនួន ២ បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីសាងសង់អគារសាលារៀន ១,០០០ ខ្នងនៅប្រទេសនេះ ក្នុងរយៈពេល ២ ឆ្នាំ បន្ទាប់មក អ៊ីរ៉ាក់ នឹងសងត្រលប់ទៅវិញដោយផលិតផលប្រេង។
កិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាកាលពីសប្ដាហ៍មុន ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhemi។
កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យក្រុមហ៊ុនចិន Power China សាងសង់អគារសាលារៀនចំនួន ៦៧៩ ខ្នង ចំណែកក្រុមហ៊ុន Sinotech នឹងសាងសង់ ៣២១ ខ្នង។ នេះបើតាមការឱ្យដឹងពីមន្ត្រីនៃក្រសួងលំនៅឋានអ៊ីរ៉ាក់។
អ៊ីរ៉ាក់ គឺជាប្រទេសដែលសម្បូរធនធានប្រេង ប៉ុន្តែប្រទេសនេះត្រូវជួបប្រទះនឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម ខ្ទេចខ្ទាំអស់ជាច្រើនទសវត្សរ៍មកហើយដោយសារតែសង្គ្រាមជាបន្តបន្ទាប់ និងបញ្ហាអំពើពុករលួយ។ ប្រទេសអ៊ីរ៉ាក់ ត្រូវការអគារសាលារៀនសរុប ៨,០០០ ខ្នង ដើម្បីអាចស្ដារវិស័យអប់រំឡើងវិញ។
ក្រសួងលំនៅឋានរបស់ អ៊ីរ៉ាក់ បញ្ជាក់ថា អគារសាលារៀននានានឹងសាងសង់រួចរាល់ក្នុងអំឡុង ២ ឆ្នាំ ក្នុងនោះអគារសាលារៀនដំបូងគេនឹងត្រូវបានប្រគល់មកឱ្យអាជ្ញាធរ ក្រោយពីគម្រោងនេះចាប់ផ្ដើមការសាងសង់បាន ១ ឆ្នាំ។ ប្រទេសអ៊ីរ៉ាក់ នឹងសងបំណុលលើគម្រោងនេះដោយផលិតផលប្រេង៕