ស្ពានឆ្លងកាត់ជ្រលងភ្នំ និងទន្លេ Tongzi ដែលកំពុងត្រូវបានសាងសង់នៅលើតំបន់ភ្នំមួយក្នុង ខេត្ត Guizhou ប្រទេសចិន នេះ នឹងមានបណ្ដោយប្រវែងជាង ១.៤ គីឡូម៉ែត្រ នៅពេលបញ្ចប់ការសាង់សង់។
ប្រទេសចិន កំពុងអនុវត្តគម្រោងសាងសង់ស្ពានខ្សែកាបយោងដ៏ធំមួយ ឆ្លងកាត់ជ្រលងភ្នំ និងទន្លេ Tongzi ក្នុងខេត្ត Quizhou។ ស្ពាននេះនឹងក្លាយជាផ្នែកមួយនៃផ្លូវល្បឿនលឿន Jinsha-Renhuai-Tongzi នៅក្នុងខេត្ត Guizhou ស្ថិតក្នុងភាគនិរតីនៃ ប្រទេសចិន។ នៅពេលសាងសង់រួចរាល់ ស្ពានយក្សនេះនឹងមានបណ្ដោយសរុប ១,៤២២ ម៉ែត្រ។
បង្គោលដែលមេរបស់ស្ពាន មានកម្ពស់រហូតដល់ ២០៨ ម៉ែត្រ និងត្រូវបានដំឡើងដំបូលកាលពីខែមុន។ Pi Sheng ដែលជាកម្មករធ្វើការក្នុងគម្រោងនេះថ្លែងថា បង្គោលមេត្រូវបានដំឡើងដំបូល ហើយរន្ធសម្រាប់ចាប់ខ្សែកាបក៏ធ្វើបានសម្រេច ៩០% ខណៈដែលធ្នឹមដែកក៏ដំឡើងបាន ៦០%។
«បន្ទាប់មក យើងនឹងដំឡើងខ្សែកាបមេ តភ្ជាប់ធ្នឹមដែក និងការងារផ្សេងៗទៀត។ យើងដាក់ផែនការតភ្ជាប់ធ្នឹមដែកនៅឆ្នាំក្រោយ» លោក Pi Sheng បន្ថែមដូច្នេះ។
នៅពេលត្រូវបានដាក់ឱ្យប្រើប្រាស់ សំណង់នេះនឹងនាំមកនូវផលប្រយោជន៍ច្រើនដល់សហគមន៍នៅសងខាងឆ្នេរទន្លេ Tongzi។ បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរឆ្លងកាត់ទៅមករវាងទីក្រុង Renhuai និងស្រុក Tongzi ត្រូវចំណាយពេល ២ ម៉ោងឯណោះ ប៉ុន្តែ នៅពេលដាក់ឱ្យដំណើរការ រយៈពេលនៃការធ្វើដំណើរនេះនឹងថយចុះមកនៅត្រឹម ២០ នាទី៕