នៅព្រឹកថ្ងៃទី ២១ ធ្នូ ២០២១ នេះ ដោយយោងទៅតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ប្រធានរដ្ឋរបស់ ប្រទេសវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បានមកបំពេញទស្សនកិច្ចនៅ កម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២២ ធ្នូ។
លោក ង្វៀន សួនហ្វ៊ុក ត្រូវបានទទួលស្វាគមន៍ដោយ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង ៨ និង ៣៥ នាទី ព្រឹកនេះ។
ដំណើរទស្សនកិច្ចរបស់ លោក ង្វៀន សួនហ្វ៊ុក ធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ ២២ ធ្នូ ឆ្នាំ ២០២១។ ក្រោយការចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង លោក ង្វៀន សួនហ្វ៊ុក នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កន្លងមក កម្ពុជា និង វៀតណាម បានជួយគ្នាទៅវិញ ទៅមក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១។ នៅក្នុងឆ្នាំនេះ វៀតណាម បានផ្ដល់ជំនួយបន្ទាន់ជាទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារអាម៉េរិក រួមនឹងម៉ាស៊ីនជំនួយដង្ហើម ៨០០ គ្រឿង, ម៉ាសសុខាភិបាលចំនួន ២ លានបន្ទះ, ម៉ាស N៩៥ ចំនួន ៣០០,០០០ បន្ទះ ដែលមានតម្លៃ ១០ លានដុល្លារ ដល់ កម្ពុជា។ តបទៅនឹងជំនួយនេះ កម្ពុជា ក៏បានផ្ដល់ជំនួយដល់ វៀតណាម នូវ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ២០០,០០០ ដូស, ម៉ាសសុខាភិបាល ១ លានបន្ទះ, ម៉ាស N៩៥ ១០០,០០០ បន្ទះ, ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១០០ គ្រឿង និងប្រាក់ចំនួន ៣៥០,០០០ ដុល្លារ ផងដែរ។
ដោយឡែក ការនាំចេញ និងនាំចូលទំនិញរវាង កម្ពុជា និងវៀតណាម នៅក្នុង ១០ ខែដើមឆ្នាំនេះ បានឡើងដល់ជិត ៧.៩ ពាន់លានដុល្លារ កើន ៨៧.៥% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំ ២០២។ វៀតណាម មានគម្រោងវិនិយោគចំនួន ១៨៨ គម្រោង ដែលកំពុងមានសុពលភាពនៅ កម្ពុជា ស្មើនឹងទុនសរុប ជាង ២.៨ ពាន់លានដុល្លារ។ បច្ចុប្បន្ន វៀតណាម ស្ថិតក្នុងក្រុមប្រទេសចំនួន ៥ ដែលជាអ្នកវិនិយោគធំជាងគេស្រុកខ្មែរ។