Skip to content

8ខែ​កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​រហូតដល់​ជិត40ម៉ឺន​តោន

ភ្នំពេញ៖ អង្ករ​ត្រូវ​បានផ្តល់​រហស្សនាម​ឱ្យ​ថា “មា​សស” ដោយសារតែ​វា​ជា​ដំណាំ​កសិកម្ម​សំខាន់​ជាងគេ​ក្នុងចំណោម​ដំណាំ​កសិកម្មផ្សេងៗនៅ​ប្រទេស​កម្ពុជា​ក្នុង​ការរកចំណូល​ចូល​គ្រួសារ​កសិករ និង​នាំ​ចំណូល​ចូល​រដ្ឋ​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុងមួយឆ្នាំ។

យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​ការបំពេញ​បែបបទ​ការនាំចេញ​អង្ករ​បានឱ្យដឹងថា រយៈពេល8ខែ​ក្នុង​ឆ្នាំ2017ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែសីហា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​ប្រមាណ​ជិត​ 40ម៉ឺន​តោន កើនឡើង16ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2016។

របាយការណ៍​ផ្លូវការ​ខាងលើ​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន 372,190តោន កើនឡើង16.30% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 ដែលមាន​ចំនួន​ត្រឹមតែ 319,989តោន​ប៉ុណ្ណោះ។

ក្នុងចំណោម​ប្រទេស​ទទួល​ទិញ​អង្ករ​ខ្មែរ​ទាំង60ប្រទេស ប្រទេស​ចិន គឺជា​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​មាន​ចំនួន​ដល់​ទៅ​ជាង10ម៉ឺន​តោន បន្ទាប់មក​គឺ​ប្រទេស​បារាំង ដែលមាន​ចំនួន​ជិត5ម៉ឺន​តោន និង​ប្រទេស​ធំ​ទី3ដែល​ទិញ​អង្ករ​ពី​កម្ពុជា​គឺ​ប្រទេស​ប៉ូឡូញ​ដែលមាន​ចំនួន​ជាង3ម៉ឺន​តោន។

គួរ​រំឭកថា កាលពី​ឆ្នាំ2016 កន្លងទៅ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង50ម៉ឺន​តោន ហើយ​គេ​រំពឹងថា ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​នឹងមាន​ចំនួន​កើនឡើង​កាន់តែច្រើន​ថែមទៀត​តាមរយៈ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ​ឱ្យបាន1លាន​តោន​ក្នុង1ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *