(ជប៉ុន)-ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូ បានបង្កើតគំរូម៉ូតូប្រភេទជ័រកៅស៊ូ បូមខ្យល់ និងប្រើថាមពលអគ្គិសនី សម្រាប់ការធ្វើដំណើរផ្លូវជិត អាចរត់បាន ៩០ នាទី បន្ទាប់ពីបញ្ចូលថាមពលពេញ។
គំរូម៉ូតូដែលមានឈ្មោះថា Poimo នេះ អាចបត់ដាក់ចូលក្នុងវ៉ាលិស និងអាចសប់ខ្យល់បំប៉ោងដើម្បីប្រើប្រាស់។ ម៉ូតូសម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរផ្លូវជិតនេះ ត្រូវបានរចនាឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យតូក្យូ របស់ ជប៉ុន។
Hiroki Sato អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យតូក្យូ ថ្លែងថា៖ «ដំបូងឡើយ ខ្ញុំបានគិតដល់ការអភិវឌ្ឍឧបករណ៍មួយដែលអាចកាត់បន្ថយពេលវេលានៃការធ្វើដំណើរក្នុងដំណាក់កាលចុងក្រោយ ឬគម្លាតពីចំណតរថភ្លើង ទៅកាន់កន្លែងធ្វើការ ក្នុងគ្រាពិបាកប្រើប្រាស់មធ្យោបាយសាធារណៈ។
រយៈពេលនៃការសប់ខ្យល់បំប៉ោងម៉ូតូដែលមានទម្ងន់ ១០ គីឡូក្រាម នេះ គឺត្រឹមតែ ២ នាទីប៉ុណ្ណោះ។ ម៉ូតូនេះអាចរត់ក្នុងរយៈពេល ៩០ នាទី បន្ទាប់ពីបានបញ្ចូលថាមពលពេញ។ រូបរាងរបស់វាក៏អាចត្រូវបានកែប្រែទៅជាទម្រង់ផ្សេង។
លោក Hiroki Sato បន្តថា លោកសង្ឃឹមថា នឹងបង្កើតមធ្យោបាយធ្វើដំណើរមួយដែលអាចប្ដូររូបរាងទៅតាមបំណងប្រាថ្នា មានដូចជា រូបរាងដែលសមស្របនឹងកម្ពស់របស់អ្នកប្រើប្រាស់ជាដើម ដើម្បីអាចផ្គត់ផ្គង់ដល់មនុស្សគ្រប់គ្នា៕