Skip to content

កម្ពុជា​នឹង​ទទួលបាន​កំណប់​រ៉ែ​មាស​នៅ​ឆ្នាំក្រោយ ខណៈ​ចំណូល​ពី​រ៉ែមាន16លាន​ដុល្លារ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុជា​នឹង​ទទួលបាន​រ៉ែ​មាស​នៅ​ឆ្នាំ2018 បន្ទាប់ពី​ក្រុមហ៊ុន1ក្នុងចំណោម2ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​រ៉ែ​មាស​នៅ​កម្ពុជា។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក​ យស់ មុន្នី​រ៉ាត់ បាន​ថ្លែង​លើកឡើង​នៅក្នុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​ថា នៅក្នុង​ការ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ ចាប់ពី​ឆ្នាំ2013មក​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​បានមក​សុំ​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​នេះ ប៉ុន្តែ​ដោយសារ​ការ​ស្វែង​រុករក​មិនបាន​ជួបប្រទះ​នូវ​ប្រភព​រ៉ែ​នោះ មាន​ក្រុមហ៊ុន​មួយចំនួន​បានបញ្ចប់​ការ​ស្វែង​រុករក​ជាបណ្តើរៗដែល​គិត​រហូតមកដល់​ឆមាស​ទី1ឆ្នាំនេះ នៅមាន​ក្រុមហ៊ុន​ចំនួន63ប៉ុណ្ណោះ​ដែល​នៅតែ​ស្វែង​រុករក​រ៉ែ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន4ដែល​ក្រសួង​គ្រោង​នឹង​ដកហូត​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

លោក​បន្តថា “ធនធាន​រ៉ែ​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ជា​វត្ថុធាតុដើម​មួយ​យ៉ាងសំខាន់​សម្រាប់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ប្រើប្រាស់​វត្ថុធាតុដើម​រ៉ែ​ដើម្បី​ផលិត​ជា​ផលិតផលផ្សេងៗសម្រាប់​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ប្រទេស និង​ការនាំ​ចេញទៅ​ក្រៅប្រទេស។

លោក យស់ មុន្នី​រ៉ាត់ បាន​បន្តថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​ពីរ ក្នុងនោះ​ក្រុមហ៊ុន​នៅ​ខេត្ត​រតនគីរី​បាន​ស្វែង​រុករក​ឃើញ​រ៉ែ​មាស​ខ្នាត​មធ្យម​មួយ​ហើយ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​អាជីវកម្ម​ដែល​យ៉ាងយូរបំផុត​នៅ​ពាក់កណ្តាល​ឆ្នាំ2018យើង​នឹង​ទ​ទូល​បាន​កំណប់​ដុំ​មាស​នេះហើយ។ រីឯ​ក្រុមហ៊ុន​មួយទៀត​ដែលជា​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​ក៏បាន​ស្វែង​រុករក​រ៉ែ​មាស​ឃើញ​ផងដែរ គឺ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី និង​បច្ចុប្បន្នកំពុង​ដាក់ពាក្យ​សុំ​ធ្វើ​អាជីវកម្ម។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​លោក ឌិ​ត ទីណា បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​ជា​ប្រទេសមួយ​ពិតជា​មាន​រ៉ែ​មែន ប៉ុន្តែ​ប្រភេទ​រ៉ែ​ទាំងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​មិនអាច​មានលទ្ធភាព​វិនិយោគ​ដោយ​ខ្លួនឯង​បានឡើយ ដោយសារ​ការ​ស្វែង​រុករក​រ៉ែ​គឺ​ត្រូវការ​មាន​ជំនាញ​ច្បាស់លាស់ ជាពិសេស​មាន​ឧបករណ៍​គ្រប់គ្រាន់​ទើប​យើង​អាច​ដំណើរការ​ទៅបាន។

សូម​រំឭកថា សារពើពន្ធ​ប្រមូលបាន​ពី​វិស័យ​រ៉ែ​មាន​ចំនួន​ប្រមាណ ១៦លាន​ដុល្លារ​អាមេរិក កើនឡើង​ជាច្រើន​ដង​បើ​ប្រៀបធៀប​ទៅនឹងឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *