Skip to content

យន្តហោះ​បាល់​ឡុង ល្បឿន ២៨០ គី​ឡី​ម៉ែត្រ/ម៉ោង មិន​បញ្ចេញ​ឧស្ម័ន​កាបូន អាច​ប្រជែង​ជាមួយ​កប៉ាល់​ដឹកទំនិញ​នាពេលខាងមុខ

(សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ប្រភេទ​បា​ឡុង H2 Clipper អាចជា​ដំណោះស្រាយ​បៃតង​សម្រាប់​ជំនួស​យន្តហោះ និង​កប៉ាល់​ដឹកទំនិញ​ធម្មតា ដោយសារ​វា​អាច​ផ្ទុក​ទម្ងន់​ធ្ងន់ និង​រង្វង់​ប្រតិបត្តិការ​ឡើងដល់​ជាង ៩,៦៥០ គីឡូម៉ែត្រ។

H2 Clipper ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (startup) នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក «ប្រែក្លាយ» បា​ឡុង​ហោះ​ដែល​ផ្ទុក អ៊ីដ្រូសែន ជាមួយនឹង​តួនាទី​ថ្មី​គឺ មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី ១៥ ធ្នូ ២០២១។

ក្រុមហ៊ុន​នេះ អះអាងថា យន្តហោះ​បា​ឡុង​របស់​ពួកគេ​អាច​ដឹកទំនិញ​ធ្ងន់​ជាង​ពី ៨ ទៅ ១០ ដង ធៀប​នឹង​បណ្ដា​យន្តហោះ​ដឹកទំនិញ​ល្អ​បំផុត​នាបច្ចុប្បន្ន ដោយ​តម្លៃ​ស្មើនឹង ១/៤ ប៉ុណ្ណោះ។ H2 Clipper អាច​ផ្ទុក​ទម្ងន់​បាន​ប្រហែល ១៥០,០០០ គីឡូក្រាម ដោយ​បរិវេណ​សម្រាប់​ផ្ទុកទំនិញ​ទំហំ ៧,៥០០ ម៉ែត្រគូប។

H2 Clipper ហោះហើរ​ក្នុង​ល្បឿន ២៨០ គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​កប៉ាល់​ដឹកទំនិញ​ធម្មតា​ជិត ១០ ដង ប៉ុន្តែ យឺត​ជាង​ធៀប​នឹង​យន្តហោះ​ដឹកទំនិញ។ ចំណុច​ពិសេស​របស់​យន្តហោះ​បា​ឡុង H2 Clipper គឺ​មិន​បញ្ចេញ​ឧស្ម័ន​កាបូន។

យន្តហោះ​បា​ឡុង​នេះ​នឹង​ដំណើរការ​ដោយ​ឧស្ម័ន​អ៊ីដ្រូសែន តាមរយៈ​ប្រព័ន្ធ​អាគុយ​ជាមួយនឹង​ប្រព័ន្ធ​រុញច្រាន​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​សុវត្ថិភាព។ ដោយ​អាច​ហោះហើរ​ក្នុង​រង្វង់​ជាង ៩,៦៥០ គីឡូម៉ែត្រ H2 Clipper អាច​ភ្ជាប់​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​នៅលើ​ពិភពលោក ដោយ​ត្រូវការ​ទីតាំង​ចត​តែមួយគត់​ដើម្បី​បញ្ចូល​ថាមពល។

ចំពោះ​ថ្លៃ​ដឹកជញ្ជូន​វិញ H2 Clipper ឱ្យដឹងថា ក្នុង ១ តោន នឹងត្រូវ​គិតថ្លៃ​ពី ០.១៧៧ ដល់ ០.២៤៧ ដុល្លារ/ចម្ងាយ​ផ្លូវ ១ ម៉ា​យ (ប្រហែល ១.៦ គីឡូម៉ែត្រ) ជាមួយនឹង​រយៈ​ចម្ងាយ​សរុប​ពី ១,៦០០ ដល់ ៩,៦៥០ គីឡូម៉ែត្រ។ តម្លៃ​នេះ​ថ្លៃ​ជាង បើ​ធៀប​នឹង​ការដឹកជញ្ជូន​ដោយ​កប៉ាល់។ ប៉ុន្តែ វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ទំនងជា​នឹង​ត្រូវបាន​យកពន្ធ​លើ​កាបូន​ខ្ពស់ជាង​បច្ចុប្បន្ន នាពេលខាងមុខ ដោយសារតែ​បណ្ដា​ប្រទេស​កំពុង​ឆ្ពោះទៅរក​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល៕

Leave a Reply

Your email address will not be published. Required fields are marked *