James Webb ដែលជាកែវយឹតអវកាសជំនួសឱ្យ Hubble ដោយមានសមត្ថភាព «មើលឃើញអតីតកាល» នឹងត្រូវបានបាញ់បង្ហោះឡើងទៅលើមេឃនាសប្ដាហ៍ក្រោយ។
បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំ ដែលនាំឱ្យការចំណាយកើនឡើងខ្ពស់ធៀបនឹងផែនការ បេសកកម្ម James Webb (គម្រោងដែលកើតឡើងដោយកិច្ចសហការរវាងទីភ្នាក់ងារអវកាសអាម៉េរិក (NASA), ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) និងទីភ្នាក់ងារអវកាសកាណាដា (CSA)) នឹងត្រូវបានបញ្ជូនឡើងទៅកាន់គន្លងគោចរនៅថ្ងៃទី ២៤ ធ្នូ ២០២១ ដោយប្រើប្រាស់រ៉ុក្កែត Ariane 5 ECA បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Guiana នៃទឹកដីឯនាយសមុទ្ររបស់ ប្រទេសបារាំង ដែលស្ថិតនៅលើឆ្នេរសមុទ្រឦសាននៃ តំបន់អាម៉េរិកខាងត្បូង។
James Webb ត្រូវបានគេរំពឹងថា នឹងបើកទំព័រថ្មីនៅក្នុងបេសកកម្មស្រាវជ្រាវអវកាសនាពេលខាងមុខ។
កែវយឹតអវកាស James Webb អាច «មើលឃើញអតីតកាល» ដើម្បីប្រមូលព័ត៌មាននៃរាល់ដំណាក់កាលក្នុងប្រវត្តិសាស្ត្ររបស់ចក្រវាល រាប់ចាប់ពីក្រោយព្រឹត្តិការណ៍ផ្ទុះ Big Bang ដែលបានកើតឡើងកាលពីប្រមាណ ១៣.៨ ពាន់លានឆ្នាំមុន រហូតដល់បច្ចុប្បន្ន អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសង្កេតឃើញនូវវត្ថុអវកាស និងរចនាសម្ព័ន្ធដែលស្ថិតនៅទីឆ្ងាយបំផុត ដូចជាការកកើតរបស់កាឡាក់ស៊ីដំបូងៗ ឬចំណុចពិសេសនៃបរិយាកាសរបស់បណ្ដាភពដែលអាចទ្រទ្រង់ជីវិតជាដើម។
James Webb ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាចំនួន ៤ រួមមាន ម៉ាស៊ីនថតរូបក្បែរអ៊ីនហ្វ្រារ៉េដ (Near Infrared Camera/NIRCam), ម៉ាស៊ីនវាស់ស្ទង់ពន្លឺក្បែរអ៊ីនហ្វ្រារ៉េដ (Near-infrared spectrometer), ម៉ាស៊ីនថតរូបអ៊ីនហ្វ្រារ៉េដខ្នាតមធ្យម (MIRI) និងម៉ាស៊ីនវាស់ស្ទង់ពន្លឺ (FGS/NIRISS)។ កញ្ចក់ធំរបស់ James Webb មានមុខកាត់ឡើងដល់ ៦.៥ ម៉ែត្រ ធំជាង ២.៧ ដង ធៀបនឹង Hubble។
NASA ទើបតែបានឱ្យដឹងថា ចំណាយសរុបសម្រាប់ការអភិវឌ្ឍ និងសម្រាប់គម្រោងដំណើរការរបស់ James Webb បានឡើងដល់ ៩.៦៦ ពាន់លានដុល្លារ ខ្ពស់ជាងជិតទ្វេដង ធៀបនឹងការគ្រោងដំបូងកាលពីឆ្នាំ ២០០៩ នេះបើតាមសារព័ត៌មាន អង់គ្លេស Reuters។
កាលពីខែតុលា James Webb ត្រូវបាននាំទៅដល់ទីតាំងបាញ់បង្ហោះនៅ Guiana បន្ទាប់ពីការធ្វើដំណើរលើសមុទ្ររយៈពេល ១៦ ថ្ងៃ ពីរដ្ឋ California។ ក្រោយពីបានបាញ់បង្ហោះ វានឹងត្រូវចំណាយពេលប្រហែល ១ ខែ ដើម្បីអាចហោះទៅដល់គន្លងគោចរដែលឆ្ងាយជាង Hubble ដោយស្ថិតនៅខាងក្រៅគន្លងគោចររបស់ព្រះចន្ទ៕