លោក អ៊ីឡុន ម៉ាស (Elon Musk) ដែលជាមហាសេដ្ឋីអាម៉េរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ហើយក៏ជា នាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាស SpaceX ត្រូវបានទស្សនាវដ្ដី Time ជ្រើសរើសជាបុគ្គលប្រចាំឆ្នាំ សម្រាប់ឆ្នាំ ២០២១ ព្រោះតែឥទ្ធិពលជាសកលរបស់លោក។
«បុគ្គលប្រចាំឆ្នាំគឺជាមនុស្សដែលបង្កើតបាននូវឥទ្ធិពល។ មានមនុស្សតិចណាស់ដែលមានឥទ្ធិពលទៅលើជីវិតនៅលើពិភពផែនដី និងសូម្បីតែនៅក្រៅភពផែនដី បើធៀបជាមួយនឹង អ៊ីឡុន ម៉ាស។ ក្នុងឆ្នាំ ២០២១ លោក អ៊ីឡុន ម៉ាស មិនត្រឹមតែជាអ្នកមានទ្រព្យច្រើនជាងគេក្នុងពិភពលោក ប៉ុន្តែក៏ជាឧទាហរណ៍ច្បាស់លាស់បំផុតអំពីការប្រែប្រួលក្នុងសង្គម» លោក អែដវ៉ើដ ហ្វែលសឹនថល (Edward Felsenthal) និពន្ធនាយករបស់ទស្សនាវដ្ដី Time បានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ១៣ ខែធ្នូ ២០២១។
ឆ្នាំ ២០២១ ត្រូវបានវាយតម្លៃថាជា ឆ្នាំដែលគួរឱ្យចងចាំសម្រាប់ អ៊ីឡុន ម៉ាស។ លោកបានក្លាយជាអ្នកមានជាងគេក្នុងពិភពលោក ដោយមានទ្រព្យជាង ២៦៤ ពាន់លានដុល្លារ ដោយសារតែមានប្រភពចំណូលច្រើន មានដូចជា ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla និង SpaceX ជាដើម។
បច្ចុប្បន្ន មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង រូបនេះ គឺជានាយកប្រតិបត្តិរបស់ Tesla និង SpaceX ហើយក៏កំពុងដឹកនាំ Neuralink ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីកំពុងអភិវឌ្ឍឈីបសម្រាប់បំពាក់ក្នុងខួរក្បាលមនុស្ស និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ The Boring Company។ លោក អ៊ីឡុន ម៉ាស ត្រូវបានគេប្រៀបប្រដូចទៅនឹង «ម្ចាស់សាសនានៅលើ Twitter» ដោយមានអ្នកតាមដានជិត ៦៦ លាននាក់ នៅលើគណនីបណ្ដាញសង្គមមួយនេះ។
ក្រៅពីយោបល់ដែលបង្កភាពចម្រូងចម្រាសក្នុងវិស័យបច្ចេកវិទ្យា និងប្រាក់ឌីជីថល លោក អ៊ីឡុន ម៉ាស ក៏ទាក់ទាញចំណាប់អារម្មណ៍ដោយការបញ្ចេញទឹកមុខបែបកំប្លែង ការដាក់ឈ្មោះឱ្យកូន ឬម៉ូដសក់ថ្មីជាដើម។ មតិរបស់មហាសេដ្ឋីរូបនេះ ពេលខ្លះក៏បានធ្វើឱ្យលោកជួបបញ្ហាជាមួយអាជ្ញាធរអាម៉េរិក ទន្ទឹមនឹងនេះក៏បណ្ដាលឱ្យសាធារណជន មិនសូវយកចិត្តទុកដាក់ទៅលើជោគជ័យដែលកើតឡើងដោយស្នាដៃរបស់លោក។
ទស្សនាវដ្ដី Time បានផ្ដើមការជ្រើសរើស «បុគ្គលប្រចាំឆ្នាំ» ចាប់ពីឆ្នាំ ១៩២៧ ក្នុងអំឡុងពេលនោះ ស្ត្រីដំបូងគេដែលត្រូវបានជ្រើសរើសគឺ វ៉ល្លិស ស៊ីមសឹន (Wallis Simpson) (ក្នុងឆ្នាំ ១៩៣៦)។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងអនុប្រធានាធិបតី Kamala Harris ត្រូវបានជ្រើសរើសជាបុគ្គលរបស់ឆ្នាំ ២០២១។
ការជ្រើសរើសរបស់ Time មិនបានកំណត់ដោយទម្រង់នៃកិត្តិយសតែមួយមុខ ព្រោះថា បុគ្គលដែលត្រូវបានជ្រើសរើសក៏អាចបណ្ដាលមកពីឥទ្ធិពលអវិជ្ជមាន នេះបើតាមសារព័ត៌មាន CNN។ អាដុលហ្វ៍ ហ៊ីទ្លែរ (Adolf Hitler) ក៏ធ្លាប់ត្រូវបានជ្រើសរើសជា «បុរសរបស់ឆ្នាំ» កាលពីឆ្នាំ ១៩៣៨ មិនយូរប៉ុន្មាន មុនពេលសង្គ្រាមលោកលើកទី ២ ផ្ទុះឡើង៕