ក្រុមចោរអ៊ីនធើណិត (Hacker) បានហែកចូល និងគ្រប់គ្រងគណនីបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ហើយប្រកាសថា ប្រទេសនេះបានទទួលស្គាល់ប្រាក់ឌីជីថល Bitcoin និងទិញប្រាក់នេះចំនួន ៥០០ Bitcoin។
សារព័ត៌មាន CNN បានរាយការណ៍ថា ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ឱ្យដឹងថា គណនី Twitter របស់លោក Narendra Modi ត្រូវបានគេលួចចូលគ្រប់គ្រងយ៉ាងលឿន បន្ទាប់ពីសារមួយត្រូវបានបង្ហោះលើ Twitter និយាយថា ប្រទេសនេះបានទទួលស្គាល់រូបិយវត្ថុឌីជីថល Bitcoin ហើយថា នឹងបែងចែកជូនប្រជាជន។
«បញ្ហានេះត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុន Twitter ហើយគណនីក៏ត្រូវបានយកមកវិញភ្លាម។ នេះបើតាមការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យ។
រូបភាពដែលថតបានពីអេក្រង់ស្ដីពីគណនី Twitter របស់ នាយករដ្ឋមន្ត្រីឥណ្ឌា បង្ហាញខ្លឹមសារថា៖ «ឥណ្ឌា បានយល់ព្រមចាត់ទុក Bitcoin ជាមធ្យោបាយទូទាត់ស្របច្បាប់។ រដ្ឋាភិបាលបានទិញ ៥០០ BTC» ហើយថា នឹង «បែងចែកវាឱ្យទៅពលរដ្ឋរបស់ប្រទេសនេះ»។
បច្ចុប្បន្ន សារខាងលើនេះត្រូវបានលុបចោលរួចហើយ។ ទន្ទឹមនឹងសារខាងលើ តំណភ្ជាប់ (link) ឆបោកមួយក៏ទំនងជាត្រូវបានគេភ្ជាប់មកជាមួយ។
គណនី Twitter របស់លោក Modi មានអ្នកតាមដានជាង ៧០ លាននាក់ ដែលនេះ ស្ថិតក្នុងចំណោមគណនីដែលមានអ្នកតាមដានច្រើនជាងគេក្នុងពិភពលោក។
បច្ចុប្បន្ន ប្រទេសឥណ្ឌា មិនទាន់ទទួលស្គាល់ Bitcoin ជាមធ្យោបាយទូទាត់ស្រាបច្បាប់នៅឡើយ៕