(ជប៉ុន)-ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍម៉ាសប្រភេទថ្មីមួយ ប្រើប្រាស់អង្គបដិប្រាណដែលបានមកពីសត្វអូទ្រីស ដែលអាចរកឃើញវីរុសកូវីដ-១៩ ដោយការបញ្ចេញពន្លឺក្រោមកាំរស្មីអ៊ុលត្រាវីយោឡេ (UV) ដែលនេះអាចជួយឱ្យការធ្វើតេស្តនៅផ្ទះដោយចំណាយថវិកាទាប។
ប្រភេទម៉ាសមិនត្បាញថ្មីនេះ មានស្រទាប់ដែលគ្របដណ្ដប់ដោយអង្គបដិប្រាណរបស់សត្វអូទ្រីស និងអាចរកឃើញវីរុសកូវីដ-១៩ ដោយយោងទៅតាមការស្រាវជ្រាវកន្លងមក ដែលបង្ហាញថា សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺ។
អង្គបដិប្រាណនេះត្រូវបានយកពីស៊ុតសត្វអូទ្រីសដែលបានចាក់វីរុសកូវីដ-១៩ អកម្ម។ អង្គបដិប្រាណត្រូវបានបញ្ជូនទៅកាន់កូនសត្វអូទ្រីស តាមរយៈស៊ុតក្រហម។ អង្គបដិប្រាណនេះក៏កើតនៅលើសត្វអូទ្រីស លឿនជាង (៦ សប្ដាហ៍) ធៀបនឹងនៅលើសត្វមាន់ (១២ សប្ដាហ៍)។
នៅក្នុងការពិសោធមួយរបស់សាស្ត្រាចារ្យ Yasuhiro Tsukamoto និងសហការី ប្រចាំសាកលវិទ្យាល័យក្យូតូ នៅ ជប៉ុន ក្រុមអ្នកស្ម័គ្រចិត្តបានពាក់ម៉ាសក្នុងរយៈពេល ៨ ម៉ោង មុនពេលស្រទាប់ច្រោះខាងក្រៅត្រូវបានយកចេញ និងបាញ់គីមីបញ្ចេញពន្លឺក្រោមរស្មី UV។ ម៉ាសដែលត្រូវបានពាក់ដោយអ្នកវិជ្ជមាននឹងកូវីដ-១៩ បញ្ចេញពន្លឺត្រង់ច្រមុះ និងមាត់។
ក្រុមអ្នកវិទ្យាសាស្ត្រនេះបានឱ្យដឹងថា អំពូលភ្លើង LED របស់ទូរស័ព្ទឆ្លាតវៃ ក៏អាចប្រើប្រាស់ដើម្បីស្វែងរកវីរុសនៅលើម៉ាសពិសេសនេះផងដែរ ដែលនេះអនុញ្ញាតឱ្យគ្រប់គ្នាអាចធ្វើតេស្តដោយខ្លួនឯងបានទូលំទូលាយ។
ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា អាចអភិវឌ្ឍម៉ាសថ្មី ដើម្បីឱ្យផលិតផលនេះអាចបញ្ចេញពន្លឺដោយឯកឯង មិនចាំបាច់ប្រើអំពូលភ្លើងពិសេស។ នេះគឺជាប្រភេទនៃការធ្វើតេស្តដំបូងប្រកបដោយភាពឆាប់រហ័ស និងផ្ទាល់ជាង បើធៀបនឹងការធ្វើតេស្ត PCR។
ម៉ាសបញ្ចេញពន្លឺក៏អាចរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ដែលមិនមានរោគសញ្ញាផងដែរ។ ការពិសោធរបស់សាស្ត្រាចារ្យ Tsukamoto និងសហការី ត្រូវបានធ្វើឡើងរយៈពេល ១០ ថ្ងៃ នៅលើអ្នកជំងឺកូវីដ-១៩ ស្ម័គ្រចិត្តចំនួន ៣២ នាក់។
ក្រុមខាងលើបានដាក់ពាក្យសុំប័ណ្ណប៉ាតង់សម្រាប់គំរូម៉ាសពិសេសនេះរួចហើយ។ ពួកគេក៏បានរៀបផែនការធ្វើពាណិជ្ជកម្ម ដោយការលក់នៅ ប្រទេសជប៉ុន និងនៅក្រៅប្រទេស ចាប់ពីឆ្នាំក្រោយ៕