លោក Elon Musk បានសរសេរនៅលើបណ្ដាញសង្គមថា លោកកំពុងពិចារណាដល់ការឈប់ធ្វើការ បើទោះធ្លាប់បានប្រកាសថា នឹងធ្វើជា CEO របស់ Tesla ច្រើនឆ្នាំទៀត។
«កំពុងគិតដល់រឿងបោះបង់ការងារ និងងាកទៅធ្វើជាមនុស្សមានឥទ្ធិពល (influencer) ពេញម៉ោង។ គ្រប់គ្នាយល់ឃើញយ៉ាងណាដែរ» មហាសេដ្ឋអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង បានសរសេរនៅលើ Twitter ដូច្នេះ កាលពីម្សិលមិញ។
លោក Musk មិនបានបង្ហើបឱ្យដឹងលម្អិតថា លោកមានគម្រោងនឹងធ្វើជា influencer ដូចម្ដេចនៅឡើយ។ ប៉ុន្តែ អ្នកមានជាងគេក្នុងលោករូបនេះ កន្លងមក ធ្លាប់បានបង្កព្យុះភ្លៀងជាច្រើនលើកមកហើយ នៅក្នុងទីផ្សារប្រាក់ឌីជីថល។ គ្រប់ខ្លឹមសារដែលលោកបង្ហោះលើបណ្ដាញសង្គម សុទ្ធតែជះឥទ្ធិពលដល់តម្លៃរបស់ Bitcoin ឬ Dogecoin។ ចាប់ពីដើមឆ្នាំនេះ លោក Musk បានចែករំលែកជាបន្តបន្ទាប់អំពីការយល់ឃើញរបស់ខ្លួន ទាក់ទិននឹងប្រាក់ឌីជីថល នាំឱ្យទីផ្សារមួយនេះប្រែប្រួលខ្លាំង។
លោក Musk ត្រូវបានគេចាត់ទុកដូចជា «ម្ចាស់សាសនានៅលើ Twitter» ដោយគណនីរបស់លោក មានអ្នកតាមដានជិត ៦៦ លាននាក់៕