(សហរដ្ឋអាម៉េរិក)-បុរសម្នាក់រកឃើញសន្លឹកឆ្នោតដែលខ្លួនបានទិញ នៅពេលយកខោអាវទៅបោកគក់ ហើយប៊ិះបោះវាចោលក្នុងធុងសំរាម មុនពេលបានដឹងថា វាជាសន្លឹកឆ្នោតដែលត្រូវរង្វាន់ជាង ៣៨៧,00០ ដុល្លារ។
លោក Maricus «Bezo» Barnes រស់នៅក្នុងរដ្ឋ Virginia បានទិញឆ្នោត Cash 5 នៅឯកន្លែងលក់ឆ្នោតស្វ័យប្រវត្ត ក្នុងហាងមួយនៅតំបន់ Hampton កាលពីថ្ងៃទី ២៣ តុលា ហើយបានភ្លេចវា រហូតដល់ពេលយកសម្លៀកបំពាក់ទៅបោកគក់ ទើបបានឃើញ។
«ខ្ញុំបានប្រុងបោះវាចោល» Barnes រៀបរាប់នៅពេលទៅទទួលប្រាក់រង្វាន់ពីក្រុមហ៊ុនឆ្នោត Virginia កាលពីថ្ងៃទី ១០ វិច្ឆិកា។ «ប៉ុន្តែ ខ្ញុំបានសម្រេចចិត្តពិនិត្យឡើងវិញ ព្រោះគិតថា អាចត្រូវបានប៉ុន្មានដុល្លារដែរ»។
សន្លឹកឆ្នោតដែលមានលេខ ៦-១៨-២០-២២-២៤ របស់លោក Barnes បានត្រូវរង្វាន់តម្លៃ ៣៨៧,៤៥០ ដុល្លារអាម៉េរិក។
លោក Barnes ធ្លាប់បានបម្រើការក្នុងជួរកងទ័ពរបស់ សហរដ្ឋអាម៉េរិក ហើយបច្ចុប្បន្នគឺជាកម្មករនៅក្នុងរោងចក្រផលិតកប៉ាល់។ បុរសនេះមិនទាន់មានគម្រោងប្រើប្រាស់ទ្រព្យថ្មីដ៏មហាសំណាងរបស់ខ្លួននេះនៅឡើយ៕