Real Madrid និង Atletico Madrid នឹងត្រូវជួបគ្នាជាលើកទី៥ក្នុងការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុប នៅពេលដែលក្រុម Atletico ធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ដើម្បីធ្វើការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីនេះ។ រាល់ការជួបគ្នា៤លើកកាលពីមុន បានបញ្ចប់ទាំងការខកចិត្តសម្រាប់ក្រុម Atletico ខណៈដែលក្រុម Real នឹងសម្លឹងរកការឈ្នះពានជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំតាមរយៈការផ្តួលគូប្រជែងស្ថិតក្នុងទីក្រុងតែមួយរបស់ពួគគេ។ ខាងក្រោមនេះគឺការជួបគ្នា៤លើកកាលពីមុននៃក្របខ័ណ្ឌកំពូលអឺរ៉ុប។
ការប្រកួត European Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៥៩
ក្រុម Atletico បានជួបសំណាងអាក្រក់ បើទោះបីបានទទួលលទ្ធផលស្មើទាំងពីរជើងក៏ដោយ ក្នុងការប្រកួតកាលពីឆ្នាំ១៩៥៩។ ក្រុម Real បានទទួលជ័យជម្នះក្នុងការប្រកួតជើងទី១ក្នុងលទ្ធផល ២-០ នៅមុនពេលក្រុម Atletico បានតាមស្មើវិញក្នុងរយៈពេល២សប្តាហ៍ក្រោយមក បន្ទាប់ពីឈ្នះ ១-០។ ប៉ុន្តែ កាលនោះ ច្បាប់គ្រាប់បាល់ក្រៅដីមិនទាន់ត្រូវបានអនុវត្តឡើយ ហេតុនេះ ក្រុមទាំងពីរត្រូវធ្វើការប្រកួតវគ្គ Playoff។ Real បានទទួលជ័យជម្នះ ២-១ ក្នុងការប្រកួតវគ្គ Playoff នោះដែលត្រូវបានរៀបចំឡើងនៅទីក្រុង Zaragoza។
ការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៤
Atletico បានជួបការខកចិត្តដ៏ធំ ក្រោយពីពួកគេមានគ្រាប់បាល់នាំមុខរហូតដល់ទៅនាទី ទី៩៣ នៅមុនពេលក្រុម Real បានវាយបកតាមស្មើវិញ ហើយក្រុម Real បានបន្តលើកពាន Champions League ក្រោយពីបានផ្តួលក្រុម Atletico ក្នុងលទ្ធផល ៤-១ នៅនាទីបន្ថែម១៥នាទីពីរដង។
ការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយ កាលពីឆ្នាំ២០១៥
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងផ្ទះខ្លួនឯងពីការប្រកួតជើងទី១ Atletico បានជួបសំណាងអាក្រក់ក្នុងជើងទី២ ក្រោយពីខ្សែប្រយុទ្ធ Javier Hernandez បានរកគ្រាប់បាល់ឈ្នះនៅចុងម៉ោងដើម្បីជួយឲ្យ Real ដណ្តើមបានជ័យជម្នះទាំងពីរជើង ១-០។
ការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦
ការប្រកួតនេះ បានស្ថិតក្នុងភាពស្វិតស្វាញយ៉ាងខ្លាំង ខណៈដែល Real បានរកគ្រាប់បាល់នាំមុខមុន មុននឹងក្រុម Atletico បានធ្វើការវាយបកតាមស្មើវិញនៅរយៈពេល១១នាទីចុងក្រោយ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ក្រោយពីលទ្ធផលនៅតែរក្សា ១-១ បន្ទាប់ពីនាទីបន្ថែម១៥នាទីពីរដង ក្រុម Real នៅតែជួបសំណាងល្អ ដោយពួកគេបានយកឈ្នះក្នុងការស៊ុតបាល់ប៉េណាល់ទី ៥-៣ ដើម្បីលើកពានជាលើកទី១១របស់ពួកគេ៕