ដំបូលនៃអគាររបស់សាកលវិទ្យាល័យ ធម្មាសាធ (Thammasat) ត្រូវបានប្ដូរទៅជាទីកន្លែងដាំដំណាំរបស់ក្រុមនិស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យ ដែលមានរូបរាងជាកាំជណ្ដើរដ៏គួរឱ្យចាប់អារម្មណ៍។
ការប្ដូរទៅជាស្រែចំការនៃផ្ទៃដំបូលទំហំជាង ២២,០០០ ម៉ែត្រក្រឡានេះ បានអនុញ្ញាតឱ្យនិស្សិត និងបុគ្គលិករបស់សាលារៀន ដាំដំណាំច្រើនប្រភេទ មានទាំងស្រូវ មានទាំងបន្លែ ផ្លែឈើ។
ដោយមានទម្រង់ជាស្រែកាំជណ្ដើរបែបបុរាណ ផ្លូវ zigzag ទាំងឡាយ បានជួយឱ្យស្រែចំការទាំងមូលនៅលើដំបូងអគារ ទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និងនាំទឹកដែលសល់ចុះទៅកាន់បឹងផ្ទុកទឹកពិសេស សម្រាប់ប្រើប្រាស់នៅក្នុងពេលរាំងស្ងួត។
កាលពីប្រហែល ១ សតវត្សរ៍មុន ទីតាំងនៃសាកលវិទ្យាល័យធម្មាសាធ នេះ គឺជាវាលស្រែស្រូវ ដែលផ្គត់ផ្គង់ស្បៀងដល់សហគមន៍ និងស្រូបយកទឹកសល់នៅក្នុងរដូវវស្សា។
បច្ចុប្បន្ន ក្រុមវិស្វករក្នុងតំបន់ កំពុងឆ្ពោះទៅរកធម្មជាតិដើម្បីផ្លាស់ប្ដូរការអភិវឌ្ឍទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយគ្រប់គ្រងបាតុភូតធម្មជាតិអាក្រក់ៗ ដែលទាក់ទងនឹងបំរ៉ែបំរួលអាកាសធាតុ៕