អ្នកជំនាញទេសចរណ៍រំពឹងថា នៅដើមឆ្នាំក្រោយ ជើងហោះហើររវាង ចិន-កម្ពុជា នឹងអាចបើកដំណើរការជាធម្មតាឡើងវិញ ដោយសារតែទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។
ការបើកដំណើរការជើងហោះហើររវាង ចិន-កម្ពុជា នឹងជួយគាំទ្រដល់ដំណើរនៃការស្ដារសេដ្ឋកិច្ចរបស់ កម្ពុជា ដោយនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ពី ប្រទេសចិន នេះបើតាមលោក ហូ វណ្ឌី ទីប្រឹក្សារបស់សមាគមទេសចរណ៍កម្ពុជា។
លោក ហូ វណ្ឌី បានថ្លែងថា ជើងហោះហើរត្រង់រវាង កម្ពុជា-ចិន មានលក្ខណៈជាការជួលតែប៉ុណ្ណោះ ដោយមិនទាន់មានការហោះហើរធម្មតានៅឡើយ ដែលនេះធ្វើឱ្យសំបុត្រយន្តហោះនៅមានតម្លៃខ្ពស់ ពោលគឺប្រមាណពី ៨,០០០ ដុល្លារ ដល់ ១០,០០០ ដុល្លារ។
ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ថា ដោយមានទំនាក់ទំនងល្អ និងការចរចារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្រុមហ៊ុនទេសចរណ៍នឹងអាចបើកដំណើរការឡើងវិញក្នុងពេលឆាបៗ ដើម្បីអាចដឹកអ្នកទេសចរណ៍ និងអ្នកជំនួញមកពីប្រទេសចិន ដែលពួកគេធ្លាប់ឈរលេខរៀងទី១ ក្នុងចំណោមទីផ្សារភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនា កម្ពុជា៕