(ភ្នំពេញ)-សម្ដេចតេជោ ហ៊ុន សែន ទើបតែបានសម្រេចដាក់ឈ្មោះឱ្យ «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី» ថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» និងបានបកស្រាយថា ពាក្យ «តេជោ» ដែលមាននៅក្នុងឈ្មោះរបស់ព្រលានយន្តហោះថ្មីនេះ គឺមិនមែនសំដៅដល់គោរមងារបស់សម្តេចផ្ទាល់នោះទេ។
ប្រសាសន៍ខាងលើនេះត្រូវបាន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងនៅក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី នា ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ៩ ធ្នូ ២០២។
សម្ដេច ហ៊ុន សែន ថ្លែងថា ក្នុងប្រទេសកម្ពុជា តំបន់ស្អាងនេះ ជាតំបន់ដែល តេជោ ធ្វើសកម្មភាព ក្នុងសតវត្សរ៍ទី ១៦ ពោលគឺ តេជោមាស និង តេជោយ៉ត ចំណែកឯ តេជោ នាបច្ចុប្បន្នគឺរូបសម្តេចផ្ទាល់ ដែលធ្វើសកម្មភាពបម្រើជាតិ មាតុភូមិ។
មុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ពាក្យថា «តេជោ» បើគ្មានភ្ជាប់ ហ៊ុន សែន នៅពីខាងក្រោយទេ នោះមានន័យទូលំទូលាយ សំដៅថា ប្រទេសនេះមានប្រវត្តិជារបបរាជានិយម ព្រោះមានតែរបបរាជានិយមទេ ដែលមានគោរមងារជាតេជោ មានគោរមងារជាសម្តេច ជាអ្នកឧកញ៉ា ជាឧកញ៉ាជាដើម។
ជាងនេះ សម្ដេច ហ៊ុន សែន បន្ថែមថា មានតែព្រះមហាក្សត្រនៅក្នុងរបបរាជានិយមប៉ុណ្ណោះ ទើបមានព្រះរាជសិទ្ធិ ព្រះរាជទានគោរមងារ តេជោ នេះ៕