Skip to content

កម្ពុជា-ថៃ គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់15ពាន់​លាន​ដុល្លារ

ភ្នំពេញៈ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ឡើងដល់ 15ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ 2020ខាងមុខនេះ ខណៈ​កាលពី​ឆ្នាំមុន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​ដល់​ជិត6ពាន់​លាន​ដុល្លារ​រួចទៅហើយ។

បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​រួម​លើក​ទី3 រវាង​គណៈរដ្ឋមន្ត្រី​កម្ពុជា និង​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ម្សិលមិញ​នេះ​រួចមក សម្តេច តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា តាមរយៈ​កិច្ចពិភាក្សា​ដោយ​រលូន និង​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​សម្តេច និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បើក​ច្រក​ថ្មី និង​ភ្ជាប់​បណ្តាញ​ផ្លូវគោក ផ្លូវ​រថភ្លើង និង​ផ្លូវទឹក​បន្ថែមទៀត ពិសេស​ប្រទេស​ថៃ​បាន​សន្យា​ជួយ​ទិញ​កសិផល​កម្ពុជា​បន្ថែម​ទៀត ប៉ុន្តែ​សម្តេច​មិនបាន​បញ្ជាក់ថា​ក្នុង​ចំនួន​ប៉ុន្មាន​ជាក់លាក់​នោះទេ។

សម្តេច​បន្តថា “នៅពេល​មាន​បញ្ហា​កសិផល​មិនអាច​មានការ​នាំចូល​ប្រទេស​ថៃ​បាន​នោះ សម្តេច​បានធ្វើ​អន្តរាគមន៍ និង​មាន​ការជួយ​សម្របសម្រួល​ពី​ភាគី​ថៃ​បាន​ទាន់ពេលវេលា។ សម្តេច​បាន​បន្តថា “បច្ចុប្បន្ន​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា5 តែ​កម្ពុជា​នាំចូល​ទៅកាន់​ប្រទេស​ថៃ​វិញ​មានតែ1ប៉ុណ្ណោះ ហេតុនេះ​ទើប​យើង​ត្រូវ​ស្វែងរក​យុទ្ធសាស្ត្រ​ធ្វើយ៉ាងណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​បន្ថែមទៀត។

នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា ការតភ្ជាប់​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ថៃ និង​ប្រទេស​ក្នុង​តំបន់​និង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ការតភ្ជាប់​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ពិសេស​តាមរយៈ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​នាំចេញ​ទៅកាន់​ប្រទេស​ទី3ផងដែរ។ លោក​បន្តថា យើង​រីករាយ​សហការគ្នា​តាមរយៈ​គោលនយោបាយ​ថៃ​បូក1 និង​កម្ពុជា​បូក1 ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

លោក​បន្តថា “យើង​នឹង​ដើរ​ទៅមុខ​ជាមួយគ្នា ប្រទេស​ថៃ​នឹងមិន​ទុក​កម្ពុជា​ចោល​ហើយ​រីកចម្រើន​តែម្នាក់ឯង​នោះទេ គឺ​យើង​នឹងធ្វើ​យ៉ាងណា​ឆ្ពោះទៅមុខ​ក្នុង​វិបុលភាព​ជាមួយគ្នា។

យោងតាម​របាយការណ៍​របស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ក្នុង​រយៈពេល6ខែ​ដើម​ឆ្នាំនេះ​សម្រេចបាន​នូវ​ទឹកប្រាក់2.9ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ10ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិ​វ​ឌ្ឈ​ន៍​នៃ​ក្រុមហ៊ុន Emerging Market Consuting លោក ង៉ែត ជូ បាន​ថ្លែងថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តុល្យភាព យើង​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​ពង្រឹង និង​បង្កើន​ការផលិត​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ថៃ។

លោក​បាន​បន្តថា “កម្ពុជា​គួរតែ​ព្យាយាម​ផលិត​អ្វីដែល​មានតម្លៃ​ខ្ពស់ ហើយ​មាន​លក្ខណៈ​ខុសប្លែក​ពី​របស់​ប្រទេស​ដទៃ ដើម្បី​មានលទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​ចាប់យក​ទីផ្សារ​ជាមួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត​ផងដែរ”៕

Leave a Reply

Your email address will not be published. Required fields are marked *