ព្យុះព្រឹលមួយដ៏កម្រ បានបង្កើតឱ្យមានទិដ្ឋភាពដ៏ស្រស់ត្រកាល បីដូចជាផ្ទាំងគំនូររបស់កំពូលវិចិត្រករ នៅលើសមុទ្រខ្សាច់ធំបំផុតប្រចាំប្រទេសចិន ដែលស្ថិតក្នុង តំបន់ស្វយ័តស៊ីនជាំង។
ស្ថិតនៅកណ្ដាលអាងទន្លេ តារីម (Tarim) នៅ ស៊ីនជាំង តាក្លាម៉ាកាន (Taklamakan) គឺជាសមុទ្រខ្សាច់ធំបំផុតរបស់ ប្រទេសចិន និងជាសមុទ្រខ្សាច់ផ្លាស់ទីធំបំផុតលំដាប់ទីពីររបស់ពិភពលោក។
សមុទ្រខ្សាច់ តាក្លាម៉ាកាន មានទំហំរហូតដល់ ៣៣៧,០០០ គីឡូម៉ែត្រក្រឡា ក្នុងនោះ ប្រហែល ៨៥% នៃផ្ទៃដី ត្រូវបានបង្កើតឡើងដោយទីទួលខ្សាច់ផ្លាស់ទី ដែលមានកម្ពស់រាប់សិប ដល់រាប់រយម៉ែត្រ។
តាក្លាម៉ាកាន មានអាកាសធាតុក្ដៅ និងហួតហែងខ្លាំង។ ភ្លៀង និងព្រឹល កម្រកើតមាននៅទីនេះ។ ថ្មីៗនេះ មានព្រឹលធ្លាក់យ៉ាងក្រាសជាលើកទីពីរនៅលើសមុទ្រខ្សាច់នេះ រាប់ចាប់ពីឆ្នាំ ២០០។
ដោយសារតែស្ថិតនៅក្បែរតំបន់អាកាសធាតុត្រជាក់ដែលបកមកពីតំបន់ ស៊ីប៊េរី (Siberia) សីតុណ្ហភាពនៅ តាក្លាម៉ាកាន អាចចុះដល់ ២០ អង្សាសេក្រោមសូន្យនៅរដូវរងា ខណៈដែលរដូវក្ដៅ ឡើងដល់ជាង ៤០ អង្សាសេ។
យោងតាមរបាយការណ៍ពីតំបន់នេះ ព្រឹលបានផ្ដើមធ្លាក់មកលើសមុទ្រខ្សាច់ តាក្លាម៉ាកាន ចាប់ពីចុងខែវិច្ឆិកា ២០២១ នៅពេលចំហាយអាកាសធាតុត្រជាក់បក់មកដល់។
បើទោះជាមានភ្លៀងធ្លាក់ជាមធ្យមក្រោម ៤០ មម ប៉ុន្តែ សមុទ្រខ្សាច់ តាក្លាម៉ាកាន នៅតែមានកូនកោះមួយចំនួនដែលមានបឹងទឹកដ៏ស្រស់ស្អាត។ ទឹកនៅទីនេះ មានប្រភពពីភ្នំនានានៅក្បែរនោះ៕