(សហរដ្ឋអាម៉េរិក)-មហាសេដ្ឋី Elon Musk សហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍផ្ទាំងបង្ហាញស្ដីពីខួរក្បាល-កុំព្យូទ័រ ដែលមានឈ្មោះថា Neuralink បានឱ្យដឹងថា ការវះកាត់បំពាក់ឈីបរបស់កុំព្យូទ័រទៅក្នុងខួរក្បាលរបស់អ្នកជំងឺពិការអវយវៈនឹងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០២។
ការពិសោធឈីបរបស់ក្រុមហ៊ុន Neuralink នឹងចាប់ផ្ដើមធ្វើឡើងនៅលើអ្នកជំងឺដែលរងរបួសនៅលើខួរឆ្អឹងខ្នង។ កាលបរិច្ឆេទនេះយឺតជាង ២ ឆ្នាំ ធៀបនឹងការគ្រោងទុក។ ឧបករណ៍របស់ក្រុមហ៊ុននឹងអនុញ្ញាតឱ្យអ្នកជំងឺដែលបាត់បង់លទ្ធភាព អាចបញ្ជាអវយវៈរបស់ខ្លួនឡើងវិញបាន ជាមួយនឹងបច្ចេកវិទ្យាទំនើប។ ដូច្នេះ អ្នកដែលពិការដៃ ជើង អាចបញ្ជាទិញទំនិញ ធ្វើការទាក់ទងជាមួយមិត្តភក្ដិ ចូលមើលព័ត៌មានលើគេហទំព័រដោយផ្ទាល់ ដោយការប្រើប្រាស់រលកសញ្ញារបស់ខួរក្បាល។
កន្លងមក ក្រុមហ៊ុន Neuralink ក៏ធ្លាប់បានពិសោធលើសត្វ ដោយអនុញ្ញាតឱ្យស្វាលេងហ្គេមដោយប្រើរលកសញ្ញាខួរក្បាល កាលពីដើមឆ្នាំ ប៉ុន្តែ លោក Musk សង្កត់ធ្ងន់ថា ការបំពាក់បច្ចេកវិទ្យានេះនៅលើខួរក្បាលមនុស្ស នៅតែមានឧបសគ្គច្រើន។
«Neuralink ដំណើរការរលូននៅលើសត្វស្វា។ យើងបានធ្វើការពិសោធជាច្រើនលើក និងបានឃើញថា បច្ចេកវិទ្យានេះពិតជាមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ ឧបករណ៍ Neuralink អាចត្រូវបានយកចេញពីខួរក្បាល» លោក Musk ថ្លែងដូច្នេះ។
លោកបន្តថា៖ «យើងសង្ឃឹមថា អាចភ្ជាប់ឧបករណ៍នេះសម្រាប់អ្នកជំងឺដែលរងរបួសធ្ងន់ធ្ងរនៅលើខួរឆ្អឹងខ្នង ដូចជាអ្នកត្រូវពិការដៃជើងជាដើម បន្ទាប់ពីអាជ្ញាធរគ្រប់គ្រងអាហារ និងឱសថ (សហរដ្ឋអាម៉េរិក) បានទទួលស្គាល់»។
Neuralink មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលអភិវឌ្ឍឧបករណ៍សម្រាប់បច្ចេកវិទ្យាបែបនេះនោះទេ។ កាលពីខែមេសា ឆ្នាំ ២០២០ ឧបករណ៍មួយដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន BrainGate ក៏មានសមត្ថភាពជួយដល់អ្នកពិការអវយវៈ អាចបញ្ជាលើកុំព្យូទ័រដោយប្រើរលកសញ្ញាខួរក្បាល ហើយទទួលបានលទ្ធផលយ៉ាងប្រសើរ។ ទាំង BrainGate ទាំង Neuralink សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាគ្មានខ្សែដើម្បីជួយឱ្យឧបករណ៍របស់ពួកគេកាន់តែមានប្រសិទ្ធភាពនៅក្នុងជីវភាពប្រចាំថ្ងៃ៕