សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតក្នុងខេត្តកណ្ដាល និងខេត្តតាកែវ នៅថ្ងៃ ទី ៩ ខែឆ្នូ ខាងមុខ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ដូចខាងលើ ក្នុងពេល ឯកឧត្តម រួមជាមួយនឹង រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម យូ ស៊ុនឡុង ចុះត្រួតពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី ៦ ខែឆ្នូ។
គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកនៃខេត្តតាកែវ កំពុងត្រូវបានសាងសង់លើផ្ទៃដីទំហំ ២,៦០០ ហិកតា ដោយប្រើប្រាស់ថវិកាវិនិយោគចំនួន ១.៥ ពាន់លានដុល្លារ ក្នុងងនោះទឹកប្រាក់ ១.១ ពាន់លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០ លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់លោកឧកញ៉ា ពុង ខៀវសែ ខណៈដើមទុនចុះបញ្ជីមានរហូតដល់ ១២០ លានដុល្លារអាមេរិក។
គិតមកដល់បច្ចុប្បន្ន គម្រោងនេះសម្រេចបានជាង ៣០% ហើយបើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៣ ខាងមុខ។ ក្រោយពេលត្រូវបានដាក់ឱ្យដំណើរការ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបាន ៣០ លាននាក់នៅឆ្នាំ ២០៣០ និង ៥០ លាននាក់ នៅឆ្នាំ ២០៥០៕