ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសជាថ្ងៃសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នេះបើតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលដកស្រង់ និងផ្សាយដោយវិទ្យុជាតិ។
ព្រឹត្តិការណ៍សម្ពោធពហុកីឡដ្ឋានដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាមាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនាពេលខាងមុខ អាចនឹងមានមនុស្សចូលរួមយ៉ាងតិច ១៥,០០០ នាក់។ ពហុកីឡដ្ឋានជាតិនេះ មានចម្ងាយប្រមាណតែ ១២ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលវត្តភ្នំ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំជាង ៨៥ ហិកតា។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់និងទទួលជាផ្លូវការកាលពីថ្ងៃទី ១២ កញ្ញាកន្លងទៅ ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
ប្រសាសន៍របស់ ប្រមុខរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងនៅពេលសម្ដេចថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១៕