កម្ពុជានឹងមានវត្តមានរោងចក្រផលិតវ៉ាក់សាំងនៅពេលឆាប់ៗនេះ ដើម្បីធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ប្រជាពលរដ្ឋ។ នេះបើតាមប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចខាងលើ នៅពេលថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ក្រុមហ៊ុននៃប្រទេសទាំងពីរគឺ កម្ពុជា និងចិន បានចុះហត្ថលេខារួចហើយ ទាក់ទងនឹងការផលិតវ៉ាក់សាំងកូវីដ នៅ កម្ពុជា។
ការចុះហត្ថលេខារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន នេះ ត្រូវបានសម្ដេច អះអាងថា កើតឡើងបន្ទាប់ពី កម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន តាមរយៈ ឯកឧត្តម វ៉ាង វិនធាន ឱ្យមកបង្កើត និងផលិតវ៉ាក់សាំងនៅក្នុងស្រុកខ្មែរ។
សម្ដេចបន្ថែមថា កម្ពុជា នៅតែត្រូវចំណាយប្រាក់ដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងស្រុក ប៉ុន្តែ នឹងមានតម្លៃទាប ហើយមិនពិបាកក្នុងការដឹកជញ្ជូនផងដែរ។
អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ រដ្ឋាភិបាលចិន កំពុងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីពិភក្សាអំពីដំណើរការនៃការផលិតវ៉ាក់សាំងនៅកម្ពុជា។ លោកបញ្ជាក់ថា នៅក្នុងឆ្នាំក្រោយ កម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងស្រុកបានហើយ៕