ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការបោះឆ្នោតដើម្បីបិទទីផ្សារដោះដូរកីឡាករបន្ទាប់ពីបញ្ចប់រដូវកាលក្នុងឆ្នាំ2017 នៅមុនពេលចាប់ផ្តើមយុទ្ធនាការឆ្នាំ2018-2019។
ក្រោយពីមានការតវ៉ាពីសំណាក់អ្នកចាត់ការទូទៅជាច្រើនថា សកម្មភាពនៃការដោះដូរកីឡាកររំខានដល់ការត្រៀមលក្ខណៈរបស់ពួកគេនោះ ក្លិបទាំងអស់នោះនឹងមិនអាចទិញចូលកីឡាករថ្មីបានឡើយ បន្ទាប់ពីឆ្លងផុតថ្ងៃព្រហស្បតិ៍ មុនពេលរដូវកាលថ្មីចាប់ផ្តើម។
ទីផ្សារដោះដូរកីឡាករក្នុងក្របខ័ណ្ឌកំពូលៗជាច្រើននៅអឺរ៉ុប បន្តរហូតដល់ថ្ងៃទី31 ខែសីហា ដែលមានន័យថា ក្លិបទាំងអស់នៅក្រៅប្រទេសអង់គ្លេស នៅតែអាចទិញកីឡាករពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបាន បន្ទាប់ពីថ្ងៃបិទផ្សារដោះដូរកីឡាករនៅក្របខ័ណ្ឌ Premier League។ ក្របខ័ណ្ឌ Premier League បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅថ្ងៃនេះ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានយល់ព្រមទៅលើការកែទម្រង់ច្បាប់មួយដែលនឹងធ្វើឲ្យទីផ្សារដោះដូរកីឡាករនៅរដូវក្តៅចាប់ពីពេលនេះទៅនឹងបញ្ចប់នៅម៉ោង5 (ម៉ោងក្នុងស្រុក) ល្ងាច នៅថ្ងៃព្រហស្បតិ៍ នៅមុនពេលចាប់ផ្តើមរដូវកាលថ្មី។
សេចក្តីសម្រេចនេះសម្រាប់តែក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ និងមិនមានឥទ្ធិពលដល់លីក ឬយុទ្ធនាការផ្សេងឡើយ»។ ក្របខ័ណ្ឌលីកធំៗផ្សេងទៀតនៅអឺរ៉ុប ដូចជា La Liga របស់អេស្ប៉ាញ Serie A របស់អ៊ីតាលី Bundesliga របស់អាល្លឺម៉ង់ និង Ligue 1 របស់បារាំង បច្ចុប្បន្នកំពុងប្រឈមមុខនឹងការសម្រេចចិត្តថា តើត្រូវដើរតាមអង់គ្លេស ឬយ៉ាងណា?៕
ប្រភពព័ត៌មាន៖ BBC