(សហរដ្ឋអាម៉េរិក)-បុរសម្នាក់នៅរដ្ឋ Carolina ខាងជើង មិនច្បាស់ថា ខ្លួនបានទិញឆ្នោតរបស់រដ្ឋនេះហើយ ឬនៅ ទើបទិញថែមមួយសន្លឹកទៀត ហើយក៏ត្រូវទាំងពីរសន្លឹក។
អ្នកបើកបររថយន្តដឹកទំនិញម្នាក់ឈ្មោះ Scotty Thomas អាយុ ៤៩ ឆ្នាំ រស់នៅក្នុងទីក្រុង Fayetteville នៃរដ្ឋ Carolina ខាងជើង បានទិញឆ្នោត Lucky for Life ចំនួនពីរសន្លឹកដែលមានលេខដូចគ្នាដោយអចេតនា ហើយក៏បានត្រូវទាំងពីរសន្លឹកកាលពីថ្ងៃទី ២៧ វិច្ឆិកា។
«ខ្ញុំដេកលើគ្រែមើលបាល់បោះក្នុងទូរទស្សន៍ និងមិនចាំថាបានសរសេរព័ត៌មានក្នុងការទិញឆ្នោតហើយ ឬនៅ» Thomas រៀបរាប់។ «ខ្ញុំបានសរសេរជាថ្មី ហើយព្រឹកឡើង កូនប្រុសសួរថា ហេតុអ្វីបានជាមានដល់ទៅពីរសន្លឹកដូចគ្នា។ ពេលនោះទើបខ្ញុំដឹងច្បាស់ថា បានទិញពីរដង»។
Thomas ទទួលបានសារចំនួនពីរដែលប្រាប់ថា គាត់បានត្រូវឆ្នោត ដោយក្នុងរង្វាន់មួយសន្លឹកមានតម្លៃ ២៥,០០០ ដុល្លារ/ឆ្នាំ រហូតដល់ពេញមួយជីវិត។ នេះគឺជារង្វាន់ធំទីពីររបស់ Lucky for Life បន្ទាប់ពីរង្វាន់ពិសេសគឺទទួលបាន ១,០០០/ថ្ងៃ រហូតដល់អស់ជីវិត។
ប៉ុន្តែ Thomas បានជ្រើសយកជម្រើសទទួល ៧៨០,០០០ ដុល្លារ មួយលើក សម្រាប់រង្វាន់ទាំងពីរ ជំនួសឱ្យការទទួល ៥០,០០០ ដុល្លារ រៀងរាល់ឆ្នាំ។ ប្រាក់ដែលលោក Thomas ទទួលបានក្រោយការបង់ពន្ធគឺ ៥៥១,៨៥១ ដុល្លារ។ លោកមានគម្រោងប្រើប្រាស់ប្រាក់ដែលត្រូវឆ្នោតនេះដើម្បីពង្រីកអាជីវកម្ម ការចំណាយប្រចាំថ្ងៃរបស់គ្រួសារ និងអាចទិញផ្ទះ។
«ពេលដឹងថាត្រូវឆ្នោត ខ្ញុំត្រូវដេកទៅលើឥដ្ឋ ព្រោះតែមិនគួរឱ្យជឿង។ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់» លោក Thomas រៀបរាប់ដូច្នេះ៕