នាយកប្រតិបត្តិរបស់ Tesla និង SpaceX ទើបតែបានលក់អចលនទ្រព្យចុងក្រោយរបស់ខ្លួន ក្នុងតម្លៃ ៣០ លានដុល្លារ នាសប្ដាហ៍នេះ។
មហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក Elon Musk បានលក់ភូមិគ្រឹះរបស់ខ្លួនដែលមានទំហំ ១៦,០០០ ហ្វ៊ូតក្រឡា នៅឯតំបន់ Gillsborough ក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក។ អចលនទ្រព្យនេះត្រូវបានលក់ក្នុងតម្លៃ ៣០ លានដុល្លារ។ ដំបូងឡើយ លោក Musk ចង់លក់ក្នុងតម្លៃ ៣៧.៥ លានដុល្លារ តែក្រោយមកក៏បញ្ចុះមកនៅត្រឹម ៣១.៩៩ លានដុល្លារកាលពីខែតុលា។
ចំណែកអត្តសញ្ញាណរបស់អ្នកដែលបានទិញអចលនទ្រព្យនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះឡើយ។ នេះបើតាមទំព័រ Marketwatch។
លោក Elon Musk វ័យ ៥០ ឆ្នាំ មុននោះបានប្រកាសថា អចលនទ្រព្យខាងលើគឺជា «ផ្ទះចុងក្រោយ» របស់គាត់ នៅរដ្ឋ California បន្ទាប់ពីបានលក់អចលនទ្រព្យផ្សេងរបស់លោកនៅក្នុងរដ្ឋនេះ។
អចលនទ្រព្យនេះមានប្រវត្តិជាង ១០០ ឆ្នាំមកហើយ មុនពេលបានមកដៃ Elon Musk។ ភូមិគ្រឹះនេះត្រូវបានសាងសង់កាលពីឆ្នាំ ១៩១២ ដោយជនជាតិបារាំងម្នាក់។ វាស្ថិតនៅលើដីដែលមានទំហំធំបំផុតមួយនៅក្នុងតំបន់ និងមានផ្លូវលំជាច្រើនខ្សែសម្រាប់ដើរដោយថ្មើរជើង រួមនឹងបឹងមួយផងដែរ។
ឆ្នាំ ២០១៣ វាត្រូវបានដាក់លក់ក្នុងតម្លៃ ១០០ លានដុល្លារ ប៉ុន្តែ ឆ្នាំ ២០១៦ ចុះមកនៅត្រឹម ២៩.៨៥ លានដុល្លារ។ លោក Elon Musk បានទិញអចលនទ្រព្យនេះកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ២៣.៤ លានដុល្លារ។ នេះបើតាមព័ត៌មានដែលសរសេរនៅក្នុងឯកសារសាធារណៈ។
មុនពេលបានលក់ផ្ទះចុងក្រោយរបស់ខ្លួន លោក Elon Musk បានរើទៅរស់នៅក្នុងផ្ទះមួយខ្នងដែលជាប្រភេទផ្ទះដំឡើងស្រាប់ និងមានផ្ទៃក្រឡាប្រហែល ៣៧ ម៉ែត្រ និងតម្លៃ ៥០,០០០ ដុល្លារ នៅក្នុងរដ្ឋ Texas។
មូលហេតុនៃការលក់អចលនទ្រព្យទាំងឡាយរបស់លោក Musk ត្រូវបានលោក អះអាងថា គឺដើម្បីអាចគ្រប់គ្រងអវកាសបានឆាប់រហ័ស៕