Skip to content

សេដ្ឋវិទូ និង​អ្នក​ផលិត និយាយ​ពី​ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​កម្ពុ​ជា-ថៃ

ភ្នំពេញៈ ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា មកកាន់​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏បាន​កើនឡើង​ផងដែរ ប៉ុន្តែ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មិនមាន​តុល្យភាព​នៅឡើយ ដោយ​សេដ្ឋវិទូ និង​អ្នក​ផលិត​បានលើកឡើង​ពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧ ខែកញ្ញា​ម្សិលមិញ​នេះ​ថា ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តុល្យភាព កម្ពុជា​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាងណា​ពង្រឹង និង​បង្កើន​ការផលិត​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ថៃ។ លោក​បាន​បន្ថែមថា យើង​គួរតែ​ព្យាយាម​ផលិត​អ្វីដែល​មានតម្លៃ​ខ្ពស់ ហើយ​មាន​លក្ខណៈ​ខុសប្លែក​ពី​របស់​ប្រទេស​ដទៃ​ដើម្បី​មានលទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ចាប់យក​ទីផ្សារ​ជាមួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត​ផងដែរ។

ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​នា​ពាក់កណ្ដាល​ដើមឆ្នាំ2017 នេះ​ត្រូវបាន​ឃើញថា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ទំហំ​ទឹកប្រាក់​រហូតដល់ 2.9ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា10ភាគរយ​បើ​ធៀប​ជាមួយ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន​ទឹកប្រាក់​ត្រឹមតែ 2.6ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។  នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បានបង្ហាញ​ដោយ​ខាង​ស្ថានទូត​ថៃ។

ក្នុង​រយៈពេល​ដូចគ្នានេះ ការនាំចេញ​ផលិតផល​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​មានការ​ធ្លាក់ចុះ​ប្រមាណ​ជា 20ភាគរយ ដោយ​វា​មានតម្លៃ​ទឹកប្រាក់​ត្រឹម 453លាន​ដុល្លារ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ​ការនាំ​ចូល​ផលិតផល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ មានការ​កើនឡើង18ភាគរយ ស្មើនឹង 2.4លាន​ដុល្លារ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​លោក​ឧកញ៉ា តែ តាំង​ប៉ បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ការនាំចេញ បង្កើន​ផលិតផល​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល។ ក្នុងនោះ​លោក​ក៏បាន​លើកឡើង​បន្ថែមថា ក្នុងករណីនេះ​ប្រទេស​កម្ពុជា​ក៏​អាច​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​ឲ្យ​មានការ​បើកទូលាយ​ចំពោះ​ការនាំ​ចូល​ពី​ប្រទេស​កម្ពុជា​វិញ​ដែរ ដោយ​យក​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ដ៏​ច្រើន​មក​កម្ពុជា ធ្វើជា​ឆ្នួន​សម្រាប់​ការចចា។

លោក​បន្តថា “ជាមួយគ្នានេះ លោក​បានស្នើ​សុំ​ឲ្យ​ប្រជាជន​កម្ពុជា​ជួយ​គាំទ្រ និង​ឲ្យ​តម្លៃ​ដល់​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​ផងដែរ ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​បន្ថយ​ការប្រើប្រាស់​ទំនិញ​ពី​បរទេស”៕

Leave a Reply

Your email address will not be published. Required fields are marked *