(សហរដ្ឋអាម៉េរិក)-Zion Clark ជាមនុស្សកើតមកពុំមានជើង បានបង្កើតកំណត់ត្រាពិភពលោក Guinness ស្ដីពីការរត់ដោយដៃលឿនជាងគេក្នុងពិភលោក សម្រាប់ចម្ងាយ ២០ ម៉ែត្រ។
លោក Clark ដែលមានអាយុ ២៤ ឆ្នាំ ចំណាយពេលតែ ៤.៧៨ វិនាទីប៉ុណ្ណោះ ក្នុងការរត់ដោយដៃ សម្រាប់រយៈចម្ងាយ ២០ ម៉ែត្រ បានបង្កើតកំណត់ត្រាពិភពលោកកាលពីខែកុម្ភៈ ២០២។ បុរសជាអ្នកស្រុក San Diego នៃរដ្ឋ California រូបនេះ ឱ្យដឹងថា គន្លឹះនៃជោគជ័យគឺការហ្វឹកហាត់ជាបន្តបន្ទាប់។
«ដើម្បីអាចរត់លឿនដូច្នេះ យើងមិនមែនក្រោកពីព្រលឹម ហើយគិតថា ខ្លួននឹងជាមនុស្សរត់លឿនបំផុតក្នុងលោកនោះទេ។ លទ្ធផលនេះទាមទារពេលវេលាយូរ និងការប្រឹងប្រែងហ្វឹកហាត់» លោក Clark ប្រាប់ដូច្នេះ។
លោកបន្តថា «ពេលខ្លះ ខ្ញុំត្រូវហាត់រហូតដល់យប់។ ខ្ញុំចង់ក្លាយជាមនុស្សដំបូងដែលមានវត្តមាននៅលើទីលានហ្វឹកហាត់ និងជាមនុស្សចុងក្រោយដែលចាកចេញ»។
Clark មានជំងឺឆ្អឹងខ្នង និងមិនមានជើងតាំងពីកំណើត។ ដោយសារតែមិនមានលទ្ធភាពចិញ្ចឹម ម្ដាយរបស់ Clark ក៏បានទុកឱ្យកូនរស់នៅក្នុងមណ្ឌលកុមារកំព្រា។ គាត់ធ្លាប់ត្រូវបានវះកាត់ឆ្អឹងខ្នងពីរលើក ដើម្បីអាចអង្គុយត្រង់ខ្នងដូចគេ។ ចុងក្រោយ ក្នុងវ័យ ១៦ ឆ្នាំ Clark ក៏ត្រូវបាន Kimberli Hawkins ដែលជាអ្នកប្រាថ្នាចង់បានកូនប្រុស ទទួលយកទៅចិញ្ចឹម។
កាលពីរៀននៅវិទ្យាល័យ Clark ចាប់ផ្ដើមរកឃើញការសប្បាយរីករាយនៅក្នុងវិស័យកីឡា។ ឆ្នាំ ២០១៨ ជីវិតកំព្រាដែលត្រូវបានគេសម្លុត ធ្វើបាប និងការពុះពារ ជំនះឧបសគ្គរបស់ Clark បានក្លាយជាប្រធានបទនៃខ្សែភាពយន្តឯកសារមួយរបស់ Netflix។
https://www.youtube.com/watch?v=sE9TvLTmxR8
បច្ចុប្បន្ន លោក Clark កំពុងទទួលការបណ្ដុះបណ្ដាល និងហ្វឹកហាត់ដើម្បីក្លាយជាអត្តពលិកជនជាតិអាម៉េរិក ដំបូងគេ ដែលចូលរួមប្រកួតទាំងនៅ អូឡាំពិក (កីឡាចំបាប់) ទាំងនៅ ប៉ារ៉ាឡាំពិក (ប្រណាំងរទេះរុញ) ដែលនឹងប្រារព្ធឡើងនៅក្នុងឆ្នាំ ២០២៤ នៅ ទីក្រុងប៉ារីស ប្រទេសបារាំង៕