អាជ្ញាធរខេត្ត ដាក់ ណុង (Dak Nong) នៃ ប្រទេសវៀតណាម ត្រៀមនាំខ្លួនឈ្មោះ ទ្រិញ សឿង (Trinh Suong) ស្នាក់នៅក្នុងខេត្តឃ្លាំង (Soc Trang) ដែលជាប់ទាក់ទិននឹងរឿងក្ដីផលិតប្រេងសាំងក្លែងក្លាយ ឡើងសវនាការ កាត់ក្ដីជាថ្មី។
យោងតាមតុលាការខេត្ត ដាក់ ណុង រឿងក្ដីដែលនឹងត្រូវបានបើកសវនាការនៅថ្ងៃទី ២០ ធ្នូ ២០២១ ខាងមុខនេះ ក្រៅពីជនជាប់ចោទចំនួន ៣៩ នាក់ ក៏មានតំណាងធនាគារនានាផងដែរ ដែលត្រូវបានកោះហៅក្នុងនាមជាអ្នកមានផលប្រយោជន៍ និងមានភារកិច្ចទាក់ទងនឹងរឿងក្ដី។
មុននោះ កាលពីខែមេសា តុលាការខាងលើបានបើកសវនាការកាត់ក្ដីរឿងផលិត និងចែកចាយប្រេងសាំងក្លែងក្លាយទាក់ទិននឹងឈ្មោះ ទ្រិញ សឿង និងជនជាប់ចោទ ៣៨ នាក់ផ្សេងទៀត។ ក៏ប៉ុន្តែ ក្រោយមក តុលារតម្រូវឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ដោយសារតែមានភាពមិនច្បាស់លាស់ទាក់ទងនឹងបរិមាណប្រេងសាំងក្លែងក្លាយ និងខ្ទង់ប្រាក់ដែលក្រុមជនជាប់ចោទរកបានដោយខុសច្បាប់។
លទ្ធផលនៃការស៊ើបអង្កេតថ្មីបំផុតបង្ហាញថា ឈ្មោះ ទ្រិញ សឿង រកបានប្រាក់ចំណេញខុសច្បាប់ជាង ១៥៥.៨ ពាន់លានដុង (៦,៨២0,០០០ ដុល្លារអាម៉េរិក)។
មុនពេលត្រូវបានចាប់ខ្លួន ក្រុមជនជាប់ចោទខាងលើ ធ្លាប់បានរកស៊ីលក់ប្រេងសាំងអស់មួយរយៈពេល ហើយក្ដាប់បានវិធីលាយសាំងក្លែងក្លាយ។ ពួកគេប្រើប្រាស់គីមីជាច្រើនមុខ ដូចជា Naphtha, Solmix, orgasol, BMSol White, BMSol Petro, Toluel, MTBE, Xylene, Ethanol និង Azo លាយជាមួយសាំងសុទ្ធ A95, A92 និង E5 ron 92 បង្កើតបានជាប្រេងសាំង A95, A92 និង E5 ron 92។
ការផលិត និងជួញដូរប្រេងសាំងក្លែងក្លាយនេះ បានជួយឱ្យក្រុមជនជាប់ចោទរកបានប្រាក់ចំណេញច្រើនជាងការលក់ប្រេងសាំងសុទ្ធ៕