អ្នកបង្កើតរូបិយវត្ថុឌីជីថល Bitcoin ត្រូវបានគេជឿថា នឹងមិនបង្ហាញខ្លួនឡើយ ព្រោះថា អាចនឹងត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ និងប៉ះពាល់ដល់តម្លៃរបស់ប្រាក់និម្មិតមួយនេះ។
Bitcoin ត្រូវបានបង្ហាញវត្តមានលើកដំបូងកាលពីឆ្នាំ ២០០៨ ដោយបុគ្គលមួយរូបដែលមានរហ័សនាមថា Satoshi Nakamotor។ រហូតដល់ឆ្នាំ ២០១១ បុគ្គលរូបនេះក៏បានបាត់ខ្លួនទាំងស្រុង ក្រោយពីបានផ្ទេរ កូដប្រភពរបស់ Bitcoin ឱ្យទៅ Gavin Andresen ដែលជាអ្នកឯកទេសខាងអភិវឌ្ឍកូដ។ ១០ ឆ្នាំកន្លងទៅ ពិភពលោកនៅតែមិនទាន់ដឹងច្បាស់ថា Nakamoto គឺជាបុគ្គល ឬជាស្ថាប័ន។
មនុស្សមួយចំនួនត្រូវបានគេជឿថា គឺជាអ្នកបង្កើត Bitcoin ប៉ុន្តែ ក្រុមអ្នកជំនាញអះអាងថា «ម្ដាយបង្កើត» ពិតប្រាកដរបស់រូបិយវត្ថុឌីជីថលនេះ អាចនឹងគ្មានថ្ងៃបង្ហាញខ្លួន ដោយសារតែមូលហេតុមួយចំនួនដូចតទៅ៖
អ្នកបង្កើត Bitcoin អាចត្រូវសមត្ថកិច្ចស៊ើបអង្កេត
ឆ្នាំ ១៩៩៨ Bernard von NotHaus ដែលជាអ្នកស្រុក Hawaii បានផលិតប្រាក់ផ្ទាល់ខ្លួន និងដាក់ឈ្មោះថា Liberty Dollar។ បុរសនេះផលិតប្រាក់ដោយប្រើប្រាស់លោហធាតុកម្រ ក្រោយមកដាក់ឱ្យចរាចរនៅ សហរដ្ឋអាម៉េរិក អស់រយៈពេលច្រើនឆ្នាំ។ មកដល់ឆ្នាំ ២០០៧ គាត់ត្រូវបាន FBI ចាប់ខ្លួន ដោយសារតែសកម្មភាពផលិតរូបិយវត្ថុខុសច្បាប់។ អាជ្ញាធរបានចោទប្រកាន់គាត់ពីបទ «ផលិតរូបិយវត្ថុឯកជនដើម្បីប្រកួតប្រជែងជាមួយរូបិយវត្ថុរដ្ឋ» នៅឆ្នាំ ២០០៩ និងត្រូវបានពិន័យឱ្យស្ថិតក្រោមការតាមដានពីប៉ូលិស។
នៅឆ្នាំ ២០០៧ ដដែល ម្ចាស់កម្មសិទ្ធិ E-Gold ដែលជាប្រាក់ឌីជីថលដំបូងគេមួយក្នុងពិភពលោក ត្រូវបានចោទប្រកាន់ពីបទជំរុញព័ត៌មានមិនស្របច្បាប់ ហើយក៏ត្រូវជាប់ឃុំក្នុងផ្ទះ ចំណែកសកម្មភាពដែលទាក់ទងក៏ត្រូវបិទទ្វារ។
កាលពីខែមករា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ សហរដ្ឋអាម៉េរិក Janet Yellen បានព្រមានដល់ក្រុមអ្នកវិនិយោគអំពីការជួញដូរ Bitcoin។ លោកស្រីព្រួយបារម្ភថា ប្រាក់ឌីជីថលនេះអាចត្រូវបានប្រើប្រាស់សម្រាប់ការជួញដូរខុសច្បាប់ និងត្រូវការឱ្យមានការរឹតត្បិត។
យោងតាម Business Insider ការដែលត្រូវអាជ្ញាធរ «សម្លាក់សម្លឹង» ច្រើនពេក ធ្វើឱ្យអ្នកដែលនៅពីក្រោយ Bitcoin មិនហ៊ានបង្ហាញខ្លួន។ ប្រការនេះក៏ជួយឱ្យស្ថាបនិករបស់ Bitcoin និងរូបិយវត្ថុនេះ មិនត្រូវបានត្រួតត្រាដោយស្ថាប័ន ឬបុគ្គលណាមួយ ក៏ដូចជាចៀសបាននូវលទ្ធផលអាក្រក់ដែលកើតឡើងដោយសារច្បាប់ ដូចជា ត្រូវរដ្ឋាភិបាលស៊ើបអង្កេត និងហាមជួញដូរជាដើម។
តម្លៃនឹងធ្លាក់ដាំក្បាលចុះភ្លាមៗ បើសិនជាអ្នកបង្កើត Bitcoin បង្ហាញខ្លួន
Nakamoto កំពុងកាន់កាប់ Bitcoin ចំនួន ១ លាន ក្នុងចំណោម Bitcoin សរុបចំនួន ២១ លាន ដែលស្មើនឹង ៦០ ពាន់លានដុល្លារអាម៉េរិក។
ដើមឆ្នាំនេះ Brian Armstrong ដែលជា CEO របស់ផ្សាររូបិយវត្ថុ Coinbase បានអះអាងថា ការដែល «ម្ដាយបង្កើត» របស់ Bitcoin បង្ហាញខ្លួន អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កអស្ថិរភាពដល់ទីផ្សារប្រាក់ឌីជីថលទាំងមូល។ «បើសិនជា Bitcoin ជាង ១ លាន ត្រូវបានគេបញ្ចេញ នោះតម្លៃរបស់ Bitcoin ប្រាកដជាត្រូវធ្លាក់ចុះ» លោក Arstrong ថ្លែងដូច្នេះ៕